2024-11-08 09:11
32

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅថា CDC បានចេញរបាយការណ៍ថា៖  «ក្នុងខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៣០ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ០១គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ ២២៦ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ១៦ ពាន់កន្លែង»។ 

CDC បានបញ្ជាក់ក្នុងរបាយការណ៍ថា៖ «ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២១ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស មានចំនួន ១០ គម្រោង»។

ជាការកត់សម្គាល់គម្រោងវិនិយោគទាំង៣១មានគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១, គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, ស្បែកជើង និងកាបូប, គម្រោងបង្កើតរោងចក្រ ផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, សម្ភារៈបរិក្ខាសម្រាប់បោះតង់, គ្រឿងសង្ហារឹម,គ្រឿងតុបតែងលម្អនិងគម្រោងផ្សេងៗដូចមានរាយលម្អិតតាមអនុវស័យខាងក្រោម។

គួរបញ្ជាក់ជូនផងដែរថា ក្នុងខែតុលា ឆ្នាំ២០២៤ នេះការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៥៣,៣៩% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់២៩,៤៧% នៃទុនវិនិយោគសរុប៕