2023-10-01 05:10
334

ខេត្ត​ពោធិ៍សាត់៖ បើតាមរបាយការណ៍របស់មន្ទីរធនធានទឹក និង ឧតុនិយម ខេត្តពោធិ៍សាត់​ បានបញ្ជាក់ថា​ ទឹកស្ទឹងពោធិ៍សាត់ បានបន្តស្រកចុះ ដោយទឹកមានកម្ពស់ ៤,៨៨ ម៉ែត្រ ស្ថិតនៅក្រោមកម្ពស់ប្រកាសអាសន្ន ដែលមានកម្ពស់៥ម៉ែត្រ ,នេះបើគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១​ ខែតុលា ឆ្នាំ២០២៣នេះ ។

 សូមជម្រាបជូនថា​ នៅក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ផ្ទះប្រជាពលរដ្ឋតាមទីតាំងមួយចំនួនដែល​បានជន់​លិចកាលពីម្សិលមិញបាន ស្រកទៅវិញហើយ តែទីតាំងដែលមានទឹកបែកវាលនៅតែបន្ត​លិចលង់ដដែល នៅវាលស្រែចម្ការជាច្រើនពាន់ហិកតា ដែលលិចលង់ កំពុងប្រឈមនិងការខូចខាត។​ ប៉ុន្តែ​ទោះជាយ៉ាងណាក៏ដោយ​ អាជ្ញាធរខេត្តពោធិ៍សាត់ នៅតែបន្តដឹកនាំកម្លាំង ចុះអន្តរាគមន៍ត្រៀមជួយ​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា​។ 

គួរបញ្ជាក់ថា​ ក្នុងខេត្តពោធិ៍សាត់ មានក្រុង-ស្រុកចំនួន៤ ​បានជន់លិចដោយសារជំនន់​ទឹកភ្លៀង រួមមាន៖ ក្រុង ពោធិ៍សាត់ ស្រុកវាលវែង ស្រុកភ្នំក្រវាញ និងស្រុកកណ្តៀង ធ្វើ​ឲ្យប៉ះពាល់ស្រែ​ចម្ការជាច្រើន​ពាន់ហិកតា ​ប៉ះពាល់ប្រជាពលរដ្ឋជាច្រើនពាន់នាក់ ហើយ​ប្រជាពលរដ្ឋជាច្រើន​ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ​និងខូចខាតផ្លូវថ្នល់ស្ពានជាច្រើន​កន្លែងផងដែរ៕