2023-10-28 01:10
510

 ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនឹងបុរសម្នាក់ទៀត បានបើករថយន្តចុះពីលើស្ពានកោះនរា រួចរេចង្កូតទៅបុកបង្គោលភ្លើង ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកដើមឈើអូសហោះផ្លោងទៅចូលក្នុងដីឡូត៍។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង ១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅចំណុចគល់ស្ពានកោះនរាប៉ែកខាងកើត ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

   ប្រភពព័ត៌មានពីបុរសជាសន្តិសុខម្នាក់បានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានឃើញបុរសម្នាក់ រួមដំណើរជាមួយនឹងបុរសម្នាក់ទៀត បានបើករថយន្តម៉ាកតូយ៉ូតាឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BZ-3655 ចុះពីលើស្ពានកោះនរា ដែលទើបនឹងបើកឱ្យដំណើរការ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន។ ពេលបើកចុះមកដល់ចុងស្ពានស្រាប់តែរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឱ្យបាក់មួយដើមរាបដល់ដី ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនបានបន្តទៅបុកដើមឈើបាក់អស់មួយដើមទៀត រួចហោះផ្លោងចូលទៅក្នុងដីឡូត៍មួយកន្លែងកាត់ប្រឡាយ ទើបរថយន្តបង្កទៅមុខលែងរួច។ ភ្លាមៗនោះដែរអ្នកបើកបរនិងអ្នករួមដំណើរបានបើកទ្វារចុះចេញពីរថយន្តគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តបង្កនៅនឹងកន្លែងកើតហេតុប៉ុណ្ណោះ។


  បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ពិនិត្យកន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យភាគីម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕