2023-12-06 03:12
367

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នេះ បានប្រកាសថា សម្រាប់សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់ អាចបង់ភាគទានមក ប.ស.ស. ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ នៃរៀងរាល់ខែ តាមរយៈធនាគារដៃគូ ប.ស.ស. រួមមាន ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA BANK PLC.), ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA BANK) និង ធនាគារ កាណាឌីយ៉ា ក.អ (CANADIA BANK PLC.)

 ក្រសួការងារបានបញ្ជាក់ឱ្យដឹងថា «សម្រាប់សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវបង់ភាគទានចំនួន ១៥ ៦០០៛ ក្នុងម្នាក់ ក្នុង ១ខែ»

 សូមម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវការអនុវត្តរបបសន្តិសុខសង្គម បានបង្ហាញពីជាការយកចិត្តទុកដាក់ជាចម្បងរបស់រាជរដ្ឋាភិបាល ដើម្បីជួយបងប្អូនប្រជាពលរដ្ឋ ទទួលបានអត្ថប្រយោជន៍ នៅក្នុងការគាំពារ គ្រោះថ្នាក់ការងារ ការថែទាំសុខភាព ការទទួលបានប្រាក់សោធនដូចមន្ត្រីរាជការសាធារណៈដែរ ដែលពីមុនមកមិនធ្លាប់អនុវត្តនោះទេនៅក្នុងប្រវត្តិសាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា។

 សម្រាប់កម្មវិធីរបបសន្តិសុខសង្គម តាមរបបវិភាគទានដោយស្ម័គ្រចិត្ត ដែលប្រកាសដាក់ឲ្យអនុវត្តនាពេលនេះ មានវិសាលភាពអនុវត្តចំពោះ ទី១- បុគ្គលស្វ័យនិយោជន៍ និង ទី២- អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស រួមមាន ប្ដីប្រពន្ធ និងកូននៅក្នុងបន្ទប់ ដើម្បីឲ្យបងប្អូនជាបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស គឺ កូនមានអាយុក្រោម ១៨ឆ្នាំ ប្ដីឬប្រពន្ធអាយុក្រោម ៦០ ឆ្នាំ ដោយបង់វិភាគទាន ប.ស.ស ផ្នែកថែទាំសុខភាពបាន។

 សម្រាប់ព័ត៌មានបន្ថែម បងប្អូនប្រជាពលរដ្ឋ អញ្ជើញមកទីស្នាក់ការ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕