2023-12-28 02:12
367

 

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ នាព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣ នាយកដ្ឋានផែនការ និងជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៃអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម សហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានការឧបត្ថម្ភគាំទ្រពីអង្គការUNICEF ខេត្តរតនគិរី បានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការពិនិត្យគុណភាពផលិតផល គោលការណ៍អនុវត្តបច្ចេកទេស និងវិធានអនាម័យក្នុងខ្សែច្រវាក់ផលិតកម្មទឹកពិសាដប ជូនដល់មន្រ្តីរាជការ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តរតនគិរី

 មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោកអ៊ាវ ហៃ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បានមានប្រសាសន៍ថា ដោយផ្អែកតាមច្បាប់ស្តងដារ ផលិតផលទឹកពិសាដប គឺប្រភេទផលិតផលដែលជាប់បទបញ្ញត្តិបច្ចេកទេស ដូច្នេះផលិតផលនេះចាំបាច់ត្រូវតែមានស្តង់ដារត្រឹមត្រូវ ទន្ទឹមនឹងនេះផងដែររាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការជួយគាំទ្រដល់វិស័យឯកជន ពិសេសគឺវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម។ ដូច្នេះ ដើម្បីពង្រឹងនូវគុណភាពផលិតផលទាំងនេះឲ្យយកាន់តែប្រសើរឡើង ទើបក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍រៀបចំឲ្យមានវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង គឺក្នុងគោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រី ដែលមានភារកិច្ចពិនិត្យគុណភាពផលិតផល និងការអនុវត្តគោលការណ៍បច្ចេកទេស និងវិធានអនាម័យក្នុងខ្សែច្រវាក់ផលិតកម្មទឹកពិសាដប ។ ជាមួយគ្នានេះដែរលោកប្រធាន ក៏បានសំណូមពរលោក លោកស្រី ត្រូវយកចិត្តទុកដាក់ស្តាប់ ការពន្យល់ណែនាំរបស់គ្រូឧទ្ទេសនាម និងចោទសួរជាសំណួរក្នុងករណីមានចម្ងល់ ជៀសវាងនូវការយល់មិនច្បាស់ ដែលជាហេតុធ្វើអោយប៉ះពាល់ដល់ ការអនុវត្ត ដោយមិនមានភាពច្បាស់លាស់ ។

 នៅក្នុងឱកាសនេះផងដែរ លោក ហួត ថានិន អនុប្រធាននាយកដ្ឋានវិញ្ញាបនបត្រកម្ម នៃវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនិវានុវត្តន៍បានលើកឡើងថា ប្រជាជនលើពិភពលោកសុទ្ធតែត្រូវការទឹកដើម្បីពិសា ក្នុងការលើកម្ពស់ទ្រទ្រងដល់សុខភាពប្រចាំថ្ងៃ ក៏ប៉ុន្តែប្រសិនបើទឹកដែលយើងពិសានោះ មិនមានអនាម័យត្រឹមត្រូវ និងប្រភពនៃការផលិតមិនច្បាស់លាស់ទៅតាមបទដ្ឋានស្តង់ដារនោះទេ វានឹងបង្ករជាមេរោគ និងគ្រោះថ្នាក់ដល់សុខភាព ។ដូច្នេះដេីម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៧ នៃរដ្ឋសភា និងក្រសួងសាម៉ី បានយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុវត្ថិភាពសុខភាពសាធារណៈ ប្រកបដោយបទបញ្ញត្តិបច្ចេកទេសខ្ពស់នៅពេលដល់ចរាចរលក់នៅលើទីផ្សារ  ហើយបច្ចុប្បន្ននេះ ក្រសួងមានគោលការណ៍ចំនួន២ សម្រាប់សម្របសម្រួលជួយឲ្យសិប្បកម្ម សហគ្រាសខ្នាតតូច មានលទ្ធភាពក្នុងការបើកអាជីវកម្មផលិតទឹកប្រកបដោយគុណភាព និងសុវត្ថិភាពបានដែរ បូករួមទាំងសិប្បកម្ម សហគ្រាសដែលពុំទាន់មានលទ្ធភាព ក៏ក្រសួងរួមនិងអង្គការយូនីសេហ្វ ខិតខំបណ្តុះបណ្តាលឲ្យចេះពីបច្ចេកទេសនៃការរៀបចំដំណើរការផងដែរ។

 បន្ទាប់ពីវគ្គបណ្តុះបណ្តលបានបញ្ចប់ នៅរសៀលថ្ងៃដ៏ដែល ក្រុមការងារដែលអញ្ជើញមកពីក្រសួង មកពីវិទ្យាស្ថានស្តង់ដារកម្ពុជា និងលោកប្រធានមន្ទីរ ព្រមទាំងមន្រ្តី នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះមកពិនិត្យនូវការរក្សាអនាម័យ និងគុណភាពផលិតផលសម្រាប់ខ្សែច្រវ៉ាក់ផលិតកម្មផលិតផលទឹកពិសា នៅតាមសហគ្រាស សិប្បកម្ម ក្នុងក្រុងបានលុងខេត្តរតនគិរីចំនួន០៩ ទីតាំង ដែលមានអាជ្ញាប័ណ្ណ និងសញ្ញាស្តង់ដា កំពុងចរាចរនាំចេញបំពេញតម្រូវការពិសា និងប្រើប្រាស់ប្រចាំថ្ងៃនៅខេត្តរតននគិរី។