2024-03-22 17:42
221

 

បន្ទាយមានជ័យ :  ដោយសារមូលហេតុពលរដ្ឋបានយកឃ្មុំ ហើយបោះភ្លើងគុបចោលបង្កអោយរាលឆេះស្មៅនិងស្លឹកឈើងាប់ស្ងួតលើភ្នំស្វាយ នាខាងក្រោយសាលាខេត្តបន្ទាយមានជ័យក្នុងភូមិសាស្ត្រភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងដិរីសោភ័ណ ទើបគណ:បញ្ជាការកងឯកភាពខេត្តត្រូវប្រើមធ្យោបាយសរុបអន្តរាគមន៍ជាបន្ទាន់ដើម្បីពន្លត់។

 ទីតាំងនោះក៏ស្ថិតខាងក្រោយកងរាជអាវុធហត្ថខេត្ត សាខាគយនិងរដ្ឋាករខេត្ត តុលាការខេត្តនិងសំណង់ ផ្ទះពលរដ្ឋរាប់រយ នាកណ្តាលទីរួមខេត្តបន្ទាយមានជ័យ ។

 ក្នុងនោះ ខេត្តបានប្រើមន្ត្រីអាជ្ញាធរនិងកម្លាំងចម្រុះរាប់រយ់នាក់ រថយន្តពន្លត់អគ្គីភ័យជាង១២គ្រឿងបាញ់ទឹកពន្លត់និងចំណាយពេលជាង៤ម៉ោងទើបភ្លើងរលត់។

 ប្រតិបត្តិការនោះបានធ្វើនៅល្ងាចដល់យប់ថ្ងៃទី២១ខែមីនាឆ្នាំ២០២៤ ។

 ឯកឧត្តម  អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានដឹកនាំមន្ត្រីអាជ្ញាធរខេត្ត ក្រុងនិងកម្លាំងចម្រុះទាំង៣ប្រភេទរួមមាន: កម្លាំងនគរបាលនៃស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ក្រុង កម្លាំងយោធភូមិភាគទី៥ ទិសទូ១ ខេត្តបន្ទាយមានជ័  កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តជាងរាប់រយនាក់និងរថយន្តពន្លត់អគ្គីភ័យ១១គ្រឿង បានចេញប្រតិបត្តិការពន្លត់ភ្លើងឆេះលើភ្នំស្វាយអស់រយៈពេល៤ម៉ោង ទើបភ្លើងរលត់ជាស្ថាពរ ។

 ពោលគឺដំណាក់កាលទី១ ពេលល្ងាច បានពន្លត់ភ្លើងឆេះព្រៃនោះរលត់ហើយ ប៉ុន្តែ នៅព្រលប់ មានគ្រាប់យុទ្ធភ័ណ្ឌសល់ពីសម័យសង្គ្រាម២គ្រាប់ ដែលទំនងជាងំនឹងកម្តៅភ្លើងបានផ្ទះ ហើយវាបានបង្កកួចផ្សែងឆេះភ្លើងឡើងវិញនៅពេលយប់។ ប៉ុន្តែការផ្ទុះនោះពុំបង្កអោយមានការស្លាប់និងរបួសមនុស្សឡើយ ។

 ដំណាក់កាលទី២ ពេលយប់ កម្លាំងចម្រុះបានប្រើមធ្យោបាយនិងកម្លាំងសរុបពន្លត់១លើកទៀត ។

 ភ្លើងឆេះលើភ្នំស្វាយគឺផ្តើមឆេះពី ផ្នែកខាងកើតក្រោយសាលាខេត្តរាល ដាលឆេះទៅខាងត្បូង ឆេះផ្នែកខាងលើខ្លាំង.។

 សូមរំលឹកថា ក្រោយឧបទ្ទហេតុព្រះសង្ឃ១អង្គបានរងរបួសពេលនិមន្តក្នុងបរិវេណវត្តបរមបូរព្រឹក្សភ្នំស្វាយ លើកំពូលភ្នំស្វាយ នាភូមិ/សង្កាត់អូរអំបិលក្រុងសិរីសោភ័ណកាលពីថ្ងៃទី២០ខែកុម្ភ: ឆ្នាំ២០២៤  កងឯកភាពកម្ចាត់មីនទី១ ខេត្តបន្ទាយមានជ័យហៅកាត់ស៊ីម៉ាក់បានឡើងភ្នំ ធ្វើប្រតិបត្តិការបោសម្អាតគ្រប់យុទ្ធភ័ណ្ឌមីចំនួន១០០ប្លាយគ្រាប់ ។ ហើយមកទល់ពេលនេះ គេសង្ស៏យថា នៅមានគ្រប់មីននិងយុទ្ធភ័ណ្ឌមួយចំនួនទៀត ៕