2024-11-30 10:16
6

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា រវាងកម្ពុជា និងអូស្រ្តាលី បង្ហាញអំពីទំនាក់ទំនង និងភាពជាដៃគូកាន់តែជិតស្និទ្ធជាពិសេសកិច្ចសហប្រតិបត្តិការនេះ នឹងលើកកម្ពស់វិស័យ TVET នៅកម្ពុជានិងចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មកម្ពុជាប្រកបដោយជំនាញខ្ពស់ក្នុងវិស័យយានយន្ត។           

ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើឡើង នៅក្នុងឱកាសដែល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan (BKI) នៃប្រទេសអូស្ត្រាលី បានចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

នៅក្នុងឪកាសនោះដែរឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានជឿជាក់ថាតាម             រយៈបទពិសោធន៍ និងគុណភាពក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់វិទ្យាស្ថាន Bendigo Kangan ដែលត្រូវបានទទួលស្គាល់ជាយូរឆ្នាំមកហើយនៅក្នុងប្រទេសអូស្ត្រាលី នឹងមិនត្រឹមតែចូលរួមអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស TVET នៅកម្ពុជាស្របតាមស្តង់ដាអន្តរជាតិប៉ុណ្ណោះទេ តែក៏នឹងចូលរួមអភិវឌ្ឍកម្លាំងពលកម្មកម្ពុជាប្រកបដោយជំនាញខ្ពស់លើវិស័យយានយន្ត ដោយនឹងមានការទទួលស្គាល់សមត្ថភាពពីទីផ្សារការងារអន្តរជាតិផងដែរ។  
 

លោកស្រី សលលី ឃូថែន (Sally Curtain) បានគូសបញ្ជាក់ថា តាមរយៈមជ្ឈមណ្ឌលឧត្តមភាពយានយន្ត (Automotive Center of Excelence) ដែលស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន Bendigo Kangan ជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា នឹងចូលរួមបណ្តុះបណ្តាលលើជំនាញបច្ចេកទេសយានយន្តដល់ធនធានមនុស្សនៅកម្ពុជា ដើម្បីទទួលបាននូវជំនាញពេញមួយជីវិតប្រកបដោយគុណភាពខ្ពស់។   

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី មានរយៈពេល៥ឆ្នាំ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានាជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា៕