2023-11-13 09:11
515

ភ្នំពេញ៖ ទីបំផុតលោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបើកការស៊ើបសួរ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៤៨២៩ អ.យ,ឆ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយស្នើសុំចៅក្រមស៊ើបសួរដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើជនសង្ស័យ ចំនួន ០៧នាក់ ពីបទ៖ ចាប់ និងបង្ខំាងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់) ប្រព្រឹត្តនៅរាជធានីភ្នំពេញ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានឲ្យដឹងថា៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌល លេខ ៦៤៤៣ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានជនសង្ស័យចំនួន ០៥នាក់ រួមមាន៖ ទី១- ឈ្មោះ វ៉ាន់ កុសល ភេទប្រុស, ទី២- ឈ្មោះ ជួន លឹមហេង ភេទប្រុស,  ទី៣- ឈ្មោះ អុន សំអូន ភេទប្រុស, ទី៤- ឈ្មោះ នេត សុខុម ភេទប្រុស និងទី៥- ឈ្មោះ ឈាវ ស៊ីដេត ភេទប្រុស ដែលត្រូវបានសង្ស័យថា «បានប្រព្រឹត្ត សកម្មភាពដេញចាប់ជនរងគ្រោះ នៅតាមផ្លូវសាធារណៈយកទៅបង្ខាំង ដើម្បីទទួលបានផលប្រយោជន៍ពីជន រងគ្រោះជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាព»។ 

ក្រោយមក ក្រុមជនសង្ស័យត្រូវបានឃាត់ខ្លួន និងបញ្ជូនមក កាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ក្រោយពីតំណាងអយ្យការបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ និងពិនិត្យលើភស្តុតាងនានា ព្រមទាំងបាន ស្ដាប់ចម្លើយជនសង្ស័យទាំងអស់ខាងលើឃើញថា៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រុមជនសង្ស័យខាងលើ ព្រមទាំងបក្ខពួកបានធ្វើសកម្មភាពឃាត់រថយន្តរបស់ជនរងគ្រោះជាជនជាតិចិន ចំនួន ០៣ករណី៖ 
ករណីទី១- នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២២និង០០នាទី ក្រុមជនសង្ស័យ និងបក្ខពួក បានធ្វើសកម្មភាពឃាត់រថយន្តម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AW-2116 និងឃាត់ខ្លួនជនរងគ្រោះជាជនជាតិចិន ចំនួន ០៤នាក់ នៅចំណុចម្តុំក្បាលថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ យកទៅមន្ទីរប្រឆាំង គ្រឿងញៀន ដើម្បីធ្វើការឆែកឆេរដោយរកឃើញម្សៅពណ៌ទឹកក្រូច ចំនួន ០១កញ្ចប់ថង់តូច នៅក្នុងរថយន្តរួចចោទប្រកាន់ជនរងគ្រោះថា បានរក្សាទុកគ្រឿងញៀន។

 បន្ទាប់មក ក្រុមជនសង្ស័យបានបញ្ជូនជនរង់គ្រោះទាំង ០៤នាក់ ទៅបន្ទប់ឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីបង្ខាំងជនរងគ្រោះបន្ទាប់មកក្រុមជនសង្ស័យបានទៅជួបជនរងគ្រោះ និងចរចាររឿងតម្លៃក្នុងការដោះលែងឲ្យមានសេរីភាព ដោយតម្រូវឲ្យបង់ប្រាក់ក្នុងមួយនាក់ ១០,០០០ (មួយម៉ឺន) ដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែង។ 

រហូតមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៥និង០០នាទី ក្រុមជនសង្ស័យបានទៅជួបជនរងគ្រោះម្ដងទៀត ហើយក៏បានធ្វើការសម្របសម្រួលឲ្យជនរងគ្រោះបង់ប្រាក់ត្រឹម ចំនួន ១៥,០០០ (មួយម៉ឺនប្រាំពាន់) ដុល្លារអាមេរិក ដើម្បីជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាពវិញ។ 

ករណីទី២- នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២៣និង០០នាទី មានជនជាតិចិន ចំនួន ០៤នាក់ ជិះរថយន្តម៉ាក TOYOTA RALLY HILUX REVO ពាក់ស្លាកលេខភ្នំពេញ 2BB-0037 ចេញពីណាហ្គាវើល ក្រុមជនសង្ស័យព្រមទាំងបក្ខពួកបានឃាត់ និងភ្នង់នឹងអាវុធទៅលើជនរងគ្រោះដែលមានឈ្មោះ ZHU JIANG ភេទប្រុស, ឈ្មោះ LI LEI ភេទប្រុស, ឈ្មោះ LI YUNSHUAI ភេទប្រុស និងឈ្មោះ HU BANGCAI ភេទប្រុស រួចបានធ្វើការវាយខ្នោះចូលក្នុងរថយន្តបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការឆែកឆេរ ដោយរកឃើញម្សៅពណ៌ស ចំនួន ០១កញ្ចប់ថង់តូច រួចចោទប្រកាន់ជនរងគ្រោះថាបានរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបានបញ្ជូនជនរងគ្រោះទៅបន្ទប់ឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីបង្ខាំង។ លុះដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៥និង០០នាទី ក្រុមជនសង្ស័យបានទៅជួបជនរងគ្រោះ ដើម្បីចរចារពីតម្លៃក្នុងការដោះលែងឲ្យមានសេរីភាពវិញ ដោយតម្រូវឲ្យបង់ប្រាក់ក្នុងម្នាក់ចំនួន ១០,០០០ (មួយម៉ឺន) ដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែង។ 

ក្រោយការបង្ខាំងអស់ជាង ១យប់ ក្រុមជនសង្ស័យបានមកចរចារពីតម្លៃក្នុងការដោះលែងឲ្យមានសេរីភាពម្តងទៀត ពេលនោះជនរងគ្រោះឈ្មោះ ZHU JIWANG បានយល់ព្រមប្រគល់ទូរស័ព្ទរួមទាំងលេខសម្ងាត់គណនីធនាគារ ABA ទៅឲ្យក្រុមជនសង្ស័យ។ ក្រុមជនសង្ស័យបានឆែកឃើញមានទឹកប្រាក់ចំនួន ៣៣,០០០ (បីម៉ឺនបីពាន់) ដុល្លារ អាមេរិក បន្ទាប់មកក្រុមជនសង្ស័យបានឲ្យជនរងគ្រោះទាំង ០៤នាក់ ធ្វើលិខិតផ្ទេរសិទ្ធិ ដើម្បីទៅដកប្រាក់ពីធនាគារ ABA ដោយក្រុមជនសង្ស័យបានផ្ទេរប្រាក់តាមរយៈ E-CASH ដើម្បីឲ្យក្រុមជនសង្ស័យអាចដកប្រាក់បាន។ បន្ទាប់ពីដកប្រាក់បានហើយក្រុមជនសង្ស័យបានបង្ខំឲ្យជនរងគ្រោះធ្វើលិខិតប្រគល់ប្រាក់ ក្រោមរូបភាពជូនជាសាគុណក្នុងការដោះលែង។ក្នុងករណីនេះ ក្រុមជនសង្ស័យបានយកប្រាក់ពីជនរងគ្រោះសរុប ចំនួន ៤២,៧០០ (បួនម៉ឺន ពីរពាន់ប្រាំពីររយ) ដុល្លារអាមេរិក និងដកហូតប្រាក់យ័ន្តចំនួន ២,២០០ (ពីរពាន់ពីររយ)យ័ន្ត ដើម្បីជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាពវិញ។ 

ករណីទី៣- នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២២ និង២៥នាទី ជនរងគ្រោះជនជាតិចិនឈ្មោះ ZHANG BOHAN ភេទប្រុស និងមិត្តភក្តិរួមដំណើរជាជនជាតិចិន ចំនួន ០៣នាក់ បានជិះរថយន្តម៉ាក RANGROVER ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AP-5777 បានចេញពីផ្ទះលេខD18 ផ្លូវDAWIN បុរីវីរជន (កោះពេជ្រ) គោលបំណងទៅខុនដូរ CITY DINES ត្រូវបានក្រុមជនសង្ស័យប្រើប្រាស់រថយន្ត ០៤គ្រឿង និងម៉ូតូ !០១គ្រឿង ធ្វើសកម្មភាពស្ទាក់ភ្លង់ដោយអាវុធ AK47 នៅចំណុច មុខសារមន្ទីរព្រះឥសានវរ្ម័ន ផ្លូវ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប៉ុន្តែករណីនេះពុំបានសម្រេចដោយហេតុថា ជនរងគ្រោះបានបើករថយន្តគេចខ្លួនរួច។

ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច បើកការស៊ើបសួរតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៤៨២៩ អ.យ,ឆ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយស្នើសុំចៅក្រមស៊ើបសួរដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើ៖
១- ឈ្មោះ វ៉ាន់ កុសល ភេទប្រុស អាយុ ៥៨ឆ្នាំ (ឃាត់ខ្លួន)
២-ឈ្មោះ ជួន លឹមហេង ភេទប្រុស អាយុ ៣១ឆ្នាំ (ឃាត់ខ្លួន)
៣- ឈ្មោះ អុន សំអូន ភេទប្រុស អាយុ ៤៤ឆ្នាំ (ឃាត់ខ្លួន)
៤- ឈ្មោះ នេត សុខុម ភេទប្រុស អាយុ ៤២ឆ្នាំ (ឃាត់ខ្លួន)
៥- ឈ្មោះ ឈាវ ស៊ីដេត ភេទប្រុស អាយុ ៤៦ឆ្នាំ (ឃាត់ខ្លួន) ៦-ឈ្មោះ កែវ ខេន ភេទប្រុស អាយុ ៣៤ឆ្នាំ (គេចខ្លួន)
៧- ឈ្មោះ គង់ វីរៈជាតិ ភេទប្រុស (គេចខ្លួន)
៨- បក្ខពួក ពីបទ៖ ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បទល្មើសមានបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ៕