2023-05-15 10:39
502

មណ្ឌលគិរី៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន msjtv ឱ្យដឹងថា «ករណីលោក ហួរ ណារិន ចៅសង្កាត់ នៃសង្កាត់រងរមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលផឹកស៊ីស្រវឹងប្រើអំពើហិង្សាគប់កែវទៅលើអតីតមន្ត្រីចូលនិវត្តន៍ម្នាក់ បណ្តាលឲ្យបែកមុខដេរជាច្រើនថ្នេរ សមត្ថកិច្ចត្រូវអនុវត្តតាមផ្លូវច្បាប់ហើយមន្ត្រីជំនាញកំពុងធ្វើការងារនេះ»

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី ពាក់ព័ន្ធរឿងចៅសង្កាត់រងរមនាផឹកស៊ីស្រវឹងប្រើហិង្សាទាញកែវគប់លើអតីមន្ត្រីចូលនិវត្តន៍ម្នាករងរបួសធ្ងន់ បានប្រាប់ឱ្យដឹងថា «ទោះបីជាយ៉ាងណាក៏យើងអនុវត្តតាមច្បាប់ដែរ ហើយសមត្ថកិច្ចកជំនាញកំពុងតែធ្វើរឿងនេះហើយ»

សូមរំឭកថា នៅវេលាម៉ោង ២០និង៣០នាទី នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះ ស្ថិតត្រង់ចំណុចផ្ទះឈ្មោះ មើក ងឿន ក្រុម១ ភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជនរងគ្រោះមានឈ្មោះ ជ្រាង ណើប ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិ ព្នង ជាមន្ត្រីចូលនិវត្តន៍ មានទីលំនៅភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវជនសង្ស័យមានឈ្មោះ ហួរ ណារិន ភេទ ប្រុស អាយុ ៤៣ឆ្នាំ ចៅសង្កាត់រង នៃសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ប្រើអំពើហិង្សាបានទាញកែវស្រាលើតុគប់សំដៅក្បាល អតីតមន្ត្រីចូលនិវត្តន៍បណ្តាលឲ្យរយៈមុខរងរបួសធ្ងន់ ដោយសារទំនាស់ពាក្យសម្តីគ្នា។

ទោះបីជាមានការអះអាងរបស់លោកស្នងការនគរបាលខេត្តមណ្ឌលគិរី យ៉ាងនេះក្តី ប៉ុន្តែជនដៃដល់ឈ្មោះ ហួរ ណារិន ជាចៅសង្កាត់រង នៃសង្កាត់មរនា ក្រុងសែនមនោរម្យ មិនទាន់មានការឃាត់ខ្លួន ដើម្បីអនុវត្តតាមផ្លូវនៅឡើយទេ៕