2024-11-24 15:32
4

ក្រចេះ៖ ប្រជាពលរដ្ឋមួយគ្រួសារដែលមានជីវភាពក្រ លំបាក  រួមនិងប្រជាពលរដ្ឋជិតខាងជាច្រើននាក់បានសំណូមពរដល់សមត្ថកិច្ច ជំនាញពាក់ព័ន្ធនិងស្ថាប័នតុលាការជួយស្វែងរករថយន្តបង្កដែលបើកបុកក្មេងស្រីម្នាក់ឲ្យស្លាប់កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅចំណុចភូមិដីដុះក្រោម ឃុំព្រែកប្រសព្វ ស្រុក ព្រែកប្រសព្វ ខេត្តក្រចេះ ហើយរថយន្តព្យាយាមបើកកិច្ចបាត់រហូតមកដល់ថ្ងៃនេះនៅមិនទាន់មានដំណោះស្រាយអ្វីនៅឡើយទេ។ 

លោក អ៊ិន អង្គារិទ្ឋ (ហៅ កំសត់) ត្រូវជាឪពុកក្មេងស្រីរងគ្រោះរៀបរាប់ថា ក្រុមគ្រួសាររបស់គាត់នាពេលបច្ចុប្បន្ននេះកំពុងតែជួបកាលំបាកខ្លាំង ត្រូវដើរស៊ី ឈ្នួលគេដើម្បីរកប្រាក់ចិញ្ចឹមម្ដាយចាស់ និងកូនប្រុសស្រីទាំងពីរនាក់ សូម្បីតែផ្ទះសម្បែងក៏មិនទាន់មាន នៅដែរ ឥឡូវនេះបានបងប្អូនប្រជាពលរដ្ឋជិតខាងឲ្យស្នាក់នៅបណ្ដោះអាសន្ននៅរោងគោ ក្រោយផ្ទះរបស់គេ។ 

ឥឡូវបែជាមកជួបរឿងបែបនេះទៀត គឺកូនស្រីរបស់គាត់ស្លាប់ដោយមិនមានការទទួលខុសត្រូវ ជនបង្កបានបើករថយន្ត គេចបាត់ពីពេលទីតាំងកើតហេតុរហូតមកដល់ថ្ងៃនេះរយៈពេលជិតមួយខែហើយនៅមិនទាន់មានពន្លឺនិងដំណោះស្រាយអ្វីឡើយ។

ឪពុកក្មេងស្រីរងគ្រោះបានប្រាប់ថា កូនប្រុសស្រីរបស់គាត់រស់នៅកំព្រាម្ដាយយូរជាង២ឆ្នាំមកហើយ ដែលម្ដាយបានរត់តាមគេទៅបាត់ទុកកូនចោលនៅកំព្រារស់នៅជាមួយជីដូនចាស់ ពឹងលើអ្នកជិតខាងដែលផ្ដល់កន្លែងរស់នៅនិងផ្ដល់នូវអាហារហូបចុកសម្ភារៈអោយកូនបានចូលរៀនសូត្រនឹងគេ។

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះត្រូវបានគេស្គាល់រថយន្តនិងអ្នកបើកបររថយន្តបង្ករនោះច្បាស់ បើទោះបីជារថយន្តនោះបានព្យាយាមបើករត់គេចពីទីតាំងផលខេត្តក៏ដោយ។

ពលរដ្ឋបានបន្តឲ្យដឹងថា អ្នកបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញអត្តសញ្ញាណនិងលំនៅឋានរស់នៅស្ថិតក្នុងភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ 

ហើយអ្នកបើករថយន្តឈ្មោះ ឃួន ប៉ាន់ ជិះរថយន្តម៉ាកលុចស៊ីស៣៣០ ពណ៌ទឹកប្រាក់ ពាក់ស្កាកលេខ២AJ7558 បើកបរលឿននៅតាមដងផ្លូវជាតិក្នុងមូលដ្ឋានខាងលើ ហើយបានបុកក្មេងស្រីរងគ្រោះពីក្រោយ ខណៈកំពុងតែដើរនៅតាមចិញ្ចើមផ្លូវបណ្តាលឱ្យប្លោងទៅលើរថយន្តនិងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ប្រជាពលរដ្ឋខាងលើបានរៀបរាប់ថា ក្រុមគ្រួសារមួយនេះស្លូតបូតអ្នកជិតខាងគោរពស្រឡាញ់ បានផ្ដល់នូវម្ហូបអាហារជួយដល់កូនឲ្យបានរៀនសូត្រ ហើយនៅពេលដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះក្រុមគ្រួសារមួយនេះមិនមានលទ្ធភាពសុំធ្វើបុណ្យផងតែប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏បានជួយជ្រុំជ្រែងយកកូនស្រីនោះទៅធ្វើបុណ្យតាប្រពៃណី។

ពួកគាត់ក៏បានស្នើសុំទៅដល់សមត្ថកិច្ចក៏ដូចជាស្ថាប័នតុលាការនិងអ្នកពាក់ព័ន្ធទាំងអស់ មេត្តាជួយរកយុត្តិធម៌និងដើម្បីឲ្យជនបង្ករចេញមុខមកដោះស្រាយសំសម្រាប់ក្រុមគ្រួសារជនរងគ្រោះ ដែលកំពុងតែមានទុក្ខលំបាក នាពេលបច្ចុប្បន្ននេះផង។ 

លោក តុលា រដ្ឋធានីស្នងការងនៃស្នងការដ្ឋាននគរបាលខេត្ត ក្រចេះបានបញ្ជាក់ថាចំពោះករណីនេះលោកបានបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្តក្រចេះហើយដើម្បីសុំការស្វែងរកម្ចាស់រថយន្ត ៕