2023-05-15 10:05
521

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «សម្រាប់វិស័យកសិកម្មយើងត្រូវជម្រុញពីដី១ហិកតាចិញ្ចឹមមនុស្ស ចំនួន០៥នាក់ឱ្យក្លាយទៅជាដីក្នង១ហិកតាចិញ្ចឹមមនុស្ស ចំនួន២០នាក់»។ សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្ម ចំនួន៣ នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មានមនុស្សមួយចំនួននិយាយថា ដីកសិកម្មបានរួមតូចដែលអាចនាំឱ្យប៉ះពាល់ដល់វិស័យកម្មសិកម្ម ប៉ុន្តែជាការពិតមិនដូច្នេះទេ មានប្រទេសខ្លះដីកសិកម្មមានត្រឹមតែ១ឬ២ភារយប៉ុណ្ណោះបានគេអាចចិញ្ចឹមប្រជាពលរដ្ឋបាន និងសល់អាចនាំចេញទៅលក់នៅខាងក្រៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀងតថា យើងត្រូវធ្វើការកែប្រែវិស័យកម្មលើការដាំដុះឧទាហរណ៍ដី១ហិកតាធ្លាប់ចិញ្ចឹមមនុស្សបាន ចំនួន០៥នាក់ យើងត្រូវជម្រុញឱ្យដី១ហិកដដែលអាចចិញ្ចឹមមនុស្សបាន ចំនួន២០នាក់។

សម្តេចតេជោបន្ថែមថា ការជម្រុញការផលិតឱ្យកើនឡើងទ្វេដង គឺតាមរយៈការដោះស្រាយប្រព័ន្ធធារាសាស្ត្រសម្រាប់ស្រោចសបឱ្យបានគ្រប់គ្រាន់ ស្វែងរកពួជល្អៗទទួលបានទិន្នផលខ្ពស់ ផ្លាស់ប្តូរទម្លាប់ពីការបង្កបង្កើន១រដូវម្តង ទៅជា៣ដងក្នុងមួយរដូវ ជាពិសេសការបញ្ចូលបញ្ហាបច្ចេកទេសក្នុងកិច្ចការងារវិស័យកសិកម្មហើយបញ្ហានេះមិនមែនជាការទទួលខុសត្រូវតែក្រសួងកសិកម្មម្នាក់ឯងនោះទេ ទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមទាំងកសិករផងដែរ។