2024-05-16 19:38
280

ខេត្តកណ្ដាល៖  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២និង០០នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង  ខេត្តកណ្តាល ។ យុវជន២នាក់បានស្លាប់បាត់បង់ជីវិត ខណៈបើកម៉ូតូឌុបគ្នាក្នុងល្បឿនលឿនវ៉ាជែងរថយន្តនៅខាងមុខដែលបើកស្របទិសគ្នាហើយជ្រុលទៅប៉ះជាមួយរថយន្តមួយគ្រឿងទៀតបើកច្រាសទិសគ្នា បណ្ដាលឱ្យខ្ទាតចូលក្រោមរថយន្តដែលបើកស្របទិសគ្នាកិនស្លាប់តែម្ដង។ 
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះស្លាប់២នាក់ ទី១-ឈ្មោះ សាន ផានិត ភេទប្រុស អាយុ១៩ឆ្នាំ  មានទីលំនៅភូមិពោធិ៍កណ្ដាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ជាអ្នកបើកម៉ូតូម៉ាកHONDA DREAM C125  ពណ៌ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ1GR-2957 និងអ្នករួមដំណើរឈ្មោះថេង ប៉េងលី ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល  ។    ចំណែកភាគីខាងរថយន្តមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើករត់គេចខ្លួន ។
   ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកសាកសពជនរងគ្រោះទាំង២នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី  ។
ការសន្និដ្ឋានបឋម៖ ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូ Honda Dream C125 បើកបរវ៉ាជែងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន មានការធ្វេសប្រហែស ។ ចំណែករថយន្ដមិនស្គាល់ម៉ាកដែលបើកបញ្ជ្រាសទិស បើកបរក្នុងល្បឿងលឿន ខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឱ្យគ្រោះថ្នាក់កើតឡើង៕