2024-10-08 08:10
81

ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប(BaccII) ឆ្នាំ២០២៤ នេះ នៅខេត្តបន្ទាយមានជ័យ មានបេក្ខជនក្នុងបញ្ជី ៦.២៣៥នាក់ ។ មាន៨ មណ្ឌលសំណេរ ដែលស្ថិតនៅក្រុងសិរីសោភ័ណដែលជាប្រជុំជនខេត្ត។

នៅមុនការប្រព្រឹត្តទៅដំណើរការវិញ្ញាសារនៃការប្រឡង  មន្ត្រីថ្នាក់ដឹកនាំក្រសួង ខេត្តនិងផ្នែកពាក់ព័ន្ធបានចូលរួមកិច្ចប្រជុំស្តីការត្រៀមប្រឡងផ្តោតលើការងារសន្តិសុខ សណ្តាប់ធ្នាប់និងការណែនាំបច្ចេកទេសប្រឡងដល់ប្រធាន អនុប្រធានមណ្ឌលសំណេរ ខេត្តបន្ទាយមានជ័យកាលពីព្រឹក ថ្ងៃទី០៦ ខែតុលាឆ្នាំ២០២៤ នៅសាលប្រជុំធំក្នុងមន្ទីរអប់រំ យុវជនកីឡា ខេត្តបន្ទាយមានជ័យ។វិថី៧មករាភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ។

អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំមានបណ្ឌិតកុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា - ជាប្រធានគណគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តបន្ទាយមានជ័យ  លោកយឹម សំណាង អភិបាលរងខេត្ត លោកច័ន្ទ ម៉ារ៉ាដូណា ប្រធានក្រុមការងារ អង្គភាពប្រឆាំងអំពើពុករលួយ ខេត្តបន្ទាយមានជ័យ លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញ អាជ្ញាធរដែនដី កងកម្លាំង អ្នកពាក់ព័ន្ធ។

លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ  បានមានប្រសាសន៍ថា : ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤ នេះ សម័យប្រឡងថ្ងៃទី៨ខែតុលាឆ្នាំ២០២៤ ហើយកាលបរិច្ឆេទប្រព្រឹត្តទៅ២ថ្ងៃនៅថ្ងៃទី៨-៩ ខែ តុលា ។

មានបេក្ខជនចុះឈ្មោះប្រឡងឬក្នុងបញ្ជីចំនួន ៦.២៣៥នាក់ / ស្រី ៣.៥៦៩នាក់ ។ 

ក្នុងនោះ បេក្ខជនចំណេះទូទៅ មាន៥.១០៩នាក់/ស្រី៣.០៦៦នាក់ ។ 

បេក្ខជនស្វៃរិន មាន៨៤៣នាក់/ស្រី៤៣៦នាក់ ។

និងបេក្ខជនបំពេញវិជ្ជាមាន ២៨៣នាក់/ស្រី៦១នាក់ ។

មានមណ្ឌលប្រឡងចំនួន៨រួមមាន : 
ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន៣មណ្ឌល :
១-មណ្ឌលបឋមសិក្សាហ៊ុនសែន សុភី  ២-មណ្ឌលវិទ្យាល័យហ៊ុនសែន ខ្លាកូន ៣-មណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ ។

ថ្នាក់វិទ្យាសាស្ត្រសង្គម មាន៥ មណ្ឌល : ៤-មណ្ឌលវិទ្យាល័យសិរីសោភ័ណ ៥- មណ្ឌលវិទ្យាល័យសម្ដេចឪ ៦-មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចសាខាខេត្តបន្ទាយមានជ័យ( UME ) ៧ -មណ្ឌលវិទ្យាល័យសកពនអូអំបិលនិង ៨-មណ្ឌលអនុវិទ្យាល័យទឹកថ្លា។

ទាំ៨មណ្ឌលមានបន្ទប់សរុបចំនួន១៧៦បន្ទប់ ។មណ្ឌលសំណេរទាំងនោះស្ថិតនៅក្រុងសិរីសោភ័ណ ជាទីប្រជុំជនខេត្ត។

អំពីតារាងលំដាប់អក្ខរក្រមត្រកូលបេក្ខជនប្រឡងសញ្ញាបត្រមធមសិក្សាទុតិយភូមិនេះ សម្រាប់ខេត្តបន្ទាយមានជ័យ គឺ១-មណ្ឌលបឋមសិក្សាហ៊ុន សែនសុភី អក្ខរក្រមត្រកូលចាប់ពីអក្សរ ក រហូតដល់ ប (អង់គ្លេស-ចំណេះទៅ) ។ 

២-មណ្ឌលវិទ្យាល័យហ៊ុន សែនខ្លាកូន អក្ខរក្រមត្រកូលចាប់ពីអក្សរ ប រហូតដល់ ស (អង់គ្លេស-ចំណេះទៅ) ។

៣-មណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ អក្ខរក្រមត្រកូលចាប់ពីអក្សរ ស រហូតដល់ ឱ ( អង់គ្លេស-ចំណេះទៅ) ។

ក្រៅពីនោះ(ស្វៃរិននិងបំពេញវិជ្ជា ) អក្ខរក្រមត្រកូល តាមជាក់ស្តែងមិនចាប់ពីអក្សរទេ ។

លោកច័ន្ទ ម៉ារ៉ាដូណា ប្រធានក្រុមការងារ អង្គភាពប្រឆាំងអំពើពុករលួយ ខេត្តបន្ទាយមានជ័យបានបង្ហាញពីតួនាទីនៃមន្ត្រីរបស់អង្គភាពនេះនិងអ្នកសង្កេតការណ៍ដែលជាយុវជន យុវនារីមកពីអង្គការ / សមាគម បំពេញការងារជាជំនួយការអោយអង្គភាពនេះដែរ ។

ចំណែកលោកយឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យបានស្នើអោយប្រធាន អនុប្រធានមណ្ឌលណែនាំបន្តទៅគណ:មេប្រយោគក្នុងតួនាទីនានាណែនាំបន្ត ដូចដែលមានស្មារតីខ្លឹមសាររួមពីក្រសួងអប់រំ យុវជននិងកីឡាហើយទៅដល់បេក្ខជន ។

ដូចជាបេក្ខជន បេក្ខនារីប្រឡងត្រូវគោរពតាមម៉ោងពេល វិន័យប្រឡង ហាមយកសំណៅឯកសារចម្លើយ ក៏ដូចឧបករណ៍អេឡិចត្រូនិច ពោលគឺត្រូវគោរពបទបញ្ជារ បទបញ្ញត្តិដែលក្រសួងអប់រំបានដាក់ចេញ ពោលគឺការរឹតបន្តឹងនេះ នឹងបន្តធានាថា"អ្នកចេះគឺជាប់"។ក្នុងនោះ លោកបណ្ឌិត កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា - ជាប្រធានគណគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តបន្ទាយមានជ័យបានមានប្រសាសន៍អបអរសាទរ លើកទឹកចិត្តដល់បេក្ខជន បេក្ខនារីប្រឡងជាប់។

តែក៏ផ្តល់កម្លាំងចិត្តដល់បេក្ខជនប្រឡងធ្លាក់ដែរថាកុំអស់សង្ឃឹមហើយខិតខំតស៊ូរៀនសូត្រឡើងវិញដើម្បីប្រឡងជាប់នៅឆ្នាំក្រោយ។

លោកបណ្ឌិតណែនាំបន្ថែមអោយមន្ត្រីក្រសួង អាជ្ញាធរនិងសមត្ថកិច្ច ព្រមទាំងអ្នកពាក់ព័ន្ធដែលមានតួនាទីភារកិច្ចត្រៀមប្រឡងត្រូវខិតខំអនុវត្តលើការងារសន្តិសុខ សណ្តាប់ធ្នាប់និងការងារបច្ចេកទេសប្រឡងនៅមណ្ឌលសំណេរទាំង៨ ក្នុងខេត្តបន្ទាយមានជ័យអោយបានល្អ រលូននិងជោគជ័យដូចគ្រោងទុក ។

សូមបញ្ចាក់ដែរថា បើប្រៀបធៀបនឹងឆ្នាំ២០២៣ បេក្ខជនប្រឡងបាក់ឌុបក្នុងខេត្តនេះ មានការកើនឡើងមួយចំនួន។

ឆ្នាំ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងឬក្នុងបញ្ជីចំនួន ៦.១៦៨នាក់ / ស្រី ៣.៣៧៧នាក់ ។

ឆ្នាំ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងឬក្នុងបញ្ជីចំនួន ៦.២៣៥នាក់ / ស្រី ៣.៥៦៩នាក់ ៕