2024-02-03 10:02
269

កំពង់ស្ពឺ៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី ២ ខែគុម្ភៈឆ្នា២០២៤ ស្ថិតនៅ ភូមិមហាលាភ ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។

យោងតាមប្រភពព័ត៌មានពីអាជ្ញាធរឃុំរលាំងចក បានឲ្យដឹងថា ផ្ទះដែលត្រូវបានអគ្គិភ័យលេបត្របាក់ខាងលើនេះជាប្រភទសំណង់សង់ពីឈើលើ សសរ បេតុង ប្រក់ក្បឿង ជញ្ជាំងក្ដារ មានទំហំ៦គុណនឹង៨ម៉ែត្រ មានម្ចាស់ ឈ្មោះ ឈុន វណ្ណា ភេទប្រុស អាយុ ៤៣ឆ្នាំនិង ប្រពន្ធ ឈ្មោះ ឌៀប សាម៉េត អាយុ៤២ឆ្នាំ ។

នៅក្នុងហេតុការណ៍នេះគេឃើញសមត្ថកិច្ចជំនាញបានញាប់ដៃញាប់ជើងដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ប៉ុន្តែដោយសារអាកាសធាតុក្តៅហួតហែង ជាហេតុធ្វើឲ្យអំណាចនៃព្រះអគ្គីកាន់តែឆេះខ្លាំងឡើងៗរហូតធ្វើឲ្យផ្ទះខ្នងខាងលើនេះក្លាយជាផេះផង់  តែម្តង។

ជុំវិញករណីអគ្គិភ័យនេះជាជំហានដំបូងសមត្ថកិច្ចបាបធ្វើការសន្និដ្ឋានថា អាចផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី ។ប៉ុន្តែយ៉ាងណានោះសមត្ថកិច្ចបានជួយបាញ់ទឹកពន្លត់មិនឲ្យឆេះរាលដាលទៅដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្បែរនោះឡើយ ។

ទន្ទឹមនោះ សមត្ថកិច្ចជំនាញបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះបញ្ហាអគ្គិភ័យពោលគឺមុនពេលចាកចេញពីផ្ទះត្រូវបិទកុងតាក់ភ្លើង បិទហ្គាស និងវត្ថុចម្លងផ្សេងៗ ដែលនាំឲ្យកើតមានបញ្ហាអគ្គិភ័យជាយថាហេតុ៕