2024-01-27 12:01
220

ភ្នំពេញ៖ ក្រោមកិច្ចសហការរវាងមន្ទីរបរិស្ថានខេត្តព្រះវិហារ Angkor Centre for Conservation of Biodiversity មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានជួយសង្រ្គោះសត្វត្រយងយក្សជំទង់១ក្បាល ដែលជាបក្សីនិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា ដោយជោគជ័យពីជម្ងឺគ្រុនចាញ់បក្សី ។ 

 សត្វត្រយងនេះ បើកមើលទៅដូចគ្មានជំងឺពេលមកដល់ ACCB ប៉ុន្តែរោគសញ្ញានៃជំងឺនេះ ក៏បានវិវត្តឡើងយ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់ពីមានការពិនិត្យសុខភាពយ៉ាងហ្មត់ចត់ បានរកឃើញថា សត្វត្រយងយក្សជំទង់នេះកំពុងមានជំងឺគ្រុនចាញ់បក្សី  និងមានប៉ារ៉ាស៊ីតនៅក្នុងឈាមរបស់វា ។ លើសពីនេះទៅទៀត ម្រាមជើងមួយរបស់វាមានសភាពធ្ងន់ធ្ងរខ្លាំងមិនអាចកំរើកបានក៏វិវត្តក្លាយជាដំបៅរលួយ ។ 

 ក្រុមការងារដែលមានការតាំងចិត្តខ្ពស់របស់ ACCB បានធ្វើការអស់កម្លាំងកាយចិត្ត ដើម្បីព្យាបាលជម្ងឺគ្រុនចាញ់បក្សី និងវះកាត់យកម្រាមជើងដំបៅចេញដោយជោគជ័យ។ មន្ត្រីជំនាញមានសេចក្តីសោមន្សរីករាយដែលសត្វត្រយងយក្សនេះ បានជាសះស្បើយទាំងស្រុង និងបានសម្របខ្លួនយ៉ាងល្អទៅនឹងកន្លែងថែទាំវាផងដែរ ។ 

 ការជួយសង្គ្រោះសត្វត្រយងយក្សនេះ គឺជាសមិទ្ធផលដ៏សំខាន់ ក្នុងកិច្ចការងារអភិរក្ស ខណៈដែលបក្សីប្រភេទនេះ មាននៅសេសសល់ប្រហែលជា ២៥០ក្បាល ប៉ុណ្ណោះ នៅទូទាំងពិភពលោក ។ សត្វត្រយងយក្សនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការធានាចំនួនប្រជាសាស្រ្តសត្វត្រយងយក្ស ដែលត្រូវបានថែទាំនៅក្នុងមជ្ឈមណ្ឌល ACCB ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបក្សីប្រភេទនេះ ៕