2024-06-15 10:06
180

(កំពង់ចាម)៖ ដោយទទួលបានការណែនាំពីសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, បណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកចំនួន៨ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ជាលើកទី២ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។
   មន្ទីរពេទ្យបង្អែកស្រុកទាំង៨ រួមមាន មន្ទីរពេទ្យបង្អែកបាធាយ មន្ទីរពេទ្យបង្អែកជើងព្រៃ មន្ទីរពេទ្យបង្អែកស្រីសន្ធរ មន្ទីរពេទ្យបង្អែកកោះសូទិន មន្ទីរពេទ្យបង្អែកកងមាស មន្ទីរពេទ្យបង្អែកព្រៃឈរ មន្ទីរពេទ្យបង្អែកស្ទឹងត្រង់ និងមន្ទីរពេទ្យបង្អែកចំការលើ។
អមដំណើរក្រុមការងារមាន លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធាន អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិនីមួយៗ និងលោកស្រីអភិបាលរងស្រុករដ្ឋបាលនីមួយៗ ។
ក្នុងឱកាសបំពេញបេសកកម្មនេះ បណ្ឌិត កែរ រដ្ឋា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ដែលបានលះបង់ខ្ពស់ ក្នុងការងារបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល៕