2024-06-16 06:06
159

(កំពត)នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤នេះឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តកំពត បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាពិតជាសំណាង ដែលមានមេដឹកនាំដល់ល្អ ស្វែងរកបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យនាបច្ចុប្បន្ននេះ។
ប៉ុន្តែអ្នកដែលអាចធានាបាននូវភាពសុខសាន្តអចិន្ត្រៃយ៍របស់ប្រជាពលរដ្ឋ គឺអាជ្ញាធរមូលដ្ឋាន មេឃុំ មេប៉ុស្តិ៍ ស្មៀន ប្រធានភូមិបាល គណៈអភិបាលស្រុក ដែលជាអ្នកនៅកៀកកិតជាមួយពលរដ្ឋ។
ការផ្តល់ភាពកក់ក្តៅក្នុងការបម្រើសេវាជូនដល់ពលរដ្ឋគឺជាការសងគុណសន្តិភាព សងគុណទឹកដីកំណើត។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត មានប្រសាសន៍នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកឈូក និងស្រុកជុំគិរី អណាត្តិទី៤ ដោយមានការចូលរួមជាគណៈអធិបតីពីឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពតនិង ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តកំពត បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល៤៥ឆ្នាំកន្លងមកនេះ កម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយប្រជាពលរដ្ឋទទួលបានសិទ្ធសេរីភាពពេញលេញប្រកបដោយប្រមុខរាជរដ្ឋាភិបាលតែងបានគិតគូរ និងយកចិត្តទុកដាក់អំពីសុខទុក្ខ និងតម្រូវការផ្សេងៗរបស់ពលរដ្ឋ។
បន្តមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចរិតតែខិតខំយកកម្លាំងកាយចិត្ត ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ ពិសេសតម្រូវការ និងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយសម្តេចតែងតែផ្តល់អនុសាសន៍ ក៏ដូចជាដាក់ចេញនូវគោលនយោបាយ និងគោលការណ៍ផ្សេងៗ ដល់អាជ្ញាធររាជធានី-ខេត្ត ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានប្រយោជន៍ច្រើនបំផុត ពីកត្តាសុខសន្តិភាព និងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។
   ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានយល់ឃើញថា ការយកចិត្តទុកដាក់របស់ប្រមុខថ្នាក់ដឹកនាំតែម្យ៉ាងមិនទាន់គ្រប់គ្រាន់នោះទេ ក្នុងការធានាបាននូវភាពសុខសាន្ត និងភាពកក់ក្តៅអចិន្ត្រៃយ៍របស់ពលរដ្ឋ  គឺទាមទាឲ្យមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ កងកម្លាំងសមត្ថកិច្ច ដែលជាអ្នកនៅកៀកកិតជាមួយពលរដ្ឋ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តស្នើដល់មន្ត្រីអាជ្ញាធរសូមមេត្តាចុះទៅឱ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីបានយល់បានដឹងអំពីការខ្វះខាត បញ្ហាប្រឈម កង្វះខាត និងសំណូមពរប្រជាពលរដ្ឋ ដើម្បលើកយកមកពិភាក្សាគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា ហើយជាពិសេស ក្រុមប្រឹក្សាដែលទើបតែនឹងតែងតាំងតួនាទីថ្មី ត្រូវរួមសហការគ្នាជាធ្លុងមួយ ដើម្បីចូលរួមបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិក្នុងន័យតបស្នងសងគុណទឹកដីកំណើតរបស់ខ្លួនផង និងតបស្នងសងគុណដល់ស្ថាបនិកសន្តិភាពសង្គម។(សឹង រ៉ាត់)