2024-06-19 04:06
240

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ មេធាវីតំណាងឲ្យឈ្មោះ ញ៉េនសូដានៀង ឈ្មោះ ខឹមចន្ទី ឈ្មោះ កេនពៅ និងឈ្មោះ យស ជាមាន ដែលជាកូនតុងទីនបានធ្វើលិខិតជូនដំណឹងជូនទៅលោកស្រី កាន់ សុខលៀប ក្នុងន័យជូនដំណឹងអំពីការអនុវត្តកាតព្វកិច្ចទូទាត់សងប្រាក់ចំនួន .០៥០$ (ប្រាំបួនពាន់ហាសិបដុល្លារអាមេរិក) ដែលឈ្មោះកាន់ សុខលៀប ជាមេតុងទីន មានអាសយដ្ឋានស្ថិតនៅ ភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទូរស័ព្ទទំនាក់ទំនងលេខ ០៩៦ ៨៣៨៧ ៨៧៦

នៅក្នុងលិខិតរបស់លោកមេធាវី បានបញ្ជាក់ថាយោងលិខិតប្រគល់សិទ្ធិនិងតំណាងដោយអាណត្តិចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ -យោងកិច្ចសន្យាជំពាក់ប្រាក់ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣-យោងកិច្ចសន្យាជំពាក់ប្រាក់ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤។

តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទជាមេធាវីតំណាងដោយអាណត្តិការពារសិទ្ធិឲ្យកូនក្តីឈ្មោះ ញ៉េនសូដានៀង ឈ្មោះ ខឹមចន្ទី ឈ្មោះ កេនពៅ និងឈ្មោះ យសជាមាន សូមជម្រាបលោកស្រីមេត្តាជ្រាបថា៖ កាលពីអំឡុងឆ្នាំ២០២២ កូនក្តីខ្ញុំបានដាក់ប្រាក់លេងតុងទីនជាមួយលោកស្រីបានប្រមូលប្រាក់តុងទីនពីកូនក្តីខ្ញុំដែលមានចំនួន៩០៥០$ (ប្រាំបួនពាន់ហាសិបដុល្លារ) រួមមាន លោកស្រី ញ៉េនសូដានៀង មានទឹកប្រាក់ចំនួន៦៥៥០$ (ប្រាំមួយពាន់ហាសិបដុល្លារ) លោកស្រី ខឹមចន្ទី មានទឹកប្រាក់ចំនួន១៣០០$ (មួយពាន់បីរយដុល្លារលោកស្រី យសជាមាន មានទឹកប្រាក់ចំនួន ៧០០$(ប្រាំពីររយដុល្លារ) លោកស្រី កេតពៅ ២០០$(ពីររយដុល្លារ) ខ្ញុំសូមជម្រាបជូនថាក្រោយពីកូនក្តីខ្ញុំបានដាក់ប្រាក់តុងទីនជាមួយលោកស្រីអស់មួយរយៈពេលមកមិនមានភាពប្រក្រតីនាំឲ្យបាត់បង់ជំនឿទុកចិត្តនិងបាននាំគ្នាទាលុយតុងទីនមកវិញ។ប៉ុន្តែត្រូវលោកស្រីសុំពន្យាការសងប្រាក់ត្រឡប់មកវិញដោយយល់លើបញ្ហាសេដ្ឋកិច្ចសកលនិងមនោសញ្ចេតនាជាមួយកូនក្តីខ្ញុំបានទុកពេលឲ្យលោកស្រីប្រមូលលុយ ដើម្បីប្រគល់មកវិញក្រោយពីទន្ទឹងរងចាំអស់រយៈជាច្រើនខែមកស្រាប់តែលោកស្រីថាមិនមានប្រាក់ហើយសុំលុយតុងទីនតាមភាពជាក់               ស្តែង។

ទើបធ្វើកិច្ចសន្យាសងប្រាក់កាលពីថ្ងៃទី១៧ ខែ កញ្ញាឆ្នាំ២០២៣ ជាមួយកូនក្តីខ្ញុំនិងកូនតុងទីនជាច្រើនទៀតប្រសិនបើមិនសងតាមការកំណត់សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ផ្ទុយស្រឡះទៅវិញកូនក្តីខ្ញុំខំតែជឿទុកចិត្តលោកស្រីបែរជាដល់ថ្ងៃកំណត់លោកស្រីសុំពន្យាពេលសងប្រាក់មកឲ្យកូនក្តីខ្ញុំដដែល ក្រោមហេតុផលលេសផ្សេងៗជាដើម។

ដោយសារបាត់បង់ជំនឿទុកចិត្តលោកស្រី កូនក្តីខ្ញុំក៏បាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅអធិការស្រុកគងពិសីនៅពេលចូលខ្លួនដោះស្រាយចំពោះមុខសមត្ថកិច្ចលោកស្រី ស្នើសុំពន្យាសងប្រាក់ដូចដើមដោយមានការសម្របសម្រួលពីសមត្ថកិច្ចនោះ លោកស្រីបានធ្វើកិច្ចសន្យា នៅថ្ងៃទី ០៩ ខែមិនា ឆ្នាំ២០២៤ សងប្រាក់ឲ្យកូនក្តីខ្ញុំជារៀងរាល់ខែ មានឈ្មោះ លោកស្រី កេតពៅ ២០$(ម្ភៃដុល្លារ) លោកស្រី ញ៉េន សុខជានៀង ចំនួន៣០$ (សាមសិបដុល្លារ) លោកស្រី ខឹមចន្ទីចំនួន២០$(ម្ភៃដុល្លារ) និងលោកស្រី យស                     ជាមាន។

រហូតមកដល់បច្ចុប្បន្ននេះលោកស្រីនៅតែមិនមានការទូទាត់ប្រាក់មកឲ្យកូនក្តីខ្ញុំដដែលធ្វើឲ្យកូនក្តីខ្ញុំមានការសោកស្តាយជាខ្លាំង។ទោះបីជាកន្លងមកកូនក្តីខ្ញុំព្យាយាមទំនាក់ទំនងដើម្បីឲ្យចូលខ្លួនមកដោះស្រាយជាច្រើនលើកច្រើនសារប៉ុន្តែគ្មានដំណោះស្រាយជូនកូនក្តីខ្ញុំទាល់តែសោះ ថែមទាំងប្រើប្រាស់ពាក្យសំដីមិនសមរម្យទៀតផង។រហូតមកទល់ពេលនេះលោកស្រីមានចេតនាទុច្ចរិតគេចវេសពីកាតព្វកិច្ចមិនចង់ទូទាត់ប្រាក់មកឲ្យកូនក្តីខ្ញុំធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចនិងផលប្រយោជន៍ដល់កូនក្តីខ្ញុំយ៉ាងធ្ងន់ធ្ងរ។

ក្នុងនាមខ្ញុំជាមេធាវីតំណាងឲ្យអ្នកទាំង៤នាក់សូមធ្វើការជូនដំណឹងជូនលោកស្រីចូលខ្លួនមកដោះស្រាយនិងទូទាត់បំណុលចំនួន .០៥០$ (ប្រាំបួនពាន់ហាសិបដុល្លារ) ក្នុងរយៈពេល០៤ សប្ដាហ៍ គិតពីថ្ងៃជូនដំណឹងនេះតទៅប្រសិនជាលោកស្រីខកខានមិនចូលខ្លួនមកដោះស្រាយដូចការកំណត់ក្នុងលិខិតនេះទេកូនក្តីខ្ញុំនិងមាននិតិវិធីតាមផ្លូវច្បាប់ជាធរមាន។

សូមជម្រាបជូន,កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ កូនតុងទីនទាំង០៤រូបខាងលើ បានស្នើសុំមកកាន់អង្គភាពយើងខ្ញុំដើម្បីធ្វើការចុះផ្សាយក្នុងគោលបំណងឲ្យលោកស្រី កាន់ សុខលៀប ជាមេតុងទីនចូលខ្លះមកដោះស្រាយ ពីព្រោះចាប់តាំងមេធាវីចេញលិខិតជូនដំណឹងរួចមកសង្កេតឃើញថាស្ងប់ស្ងាត់សូន្យក្ដីសង្ឃឹមហាក់បីនៅវែងឆ្ងាយគ្មានការឆ្លើយតបឬមានដំណោះស្រាយណាមួយសោះមកឲ្យកូនតុងទីនឡើយ។

ជុំវិញករណីខាងលើអង្គភាពយើងខ្ញុំបានព្យាយាមខលទំនាក់ទំនងទៅលោកស្រីកាន់ សុខលៀប ជាមេតុងទីនច្រើនលើកដើម្បីសម្ភាសន៍សួរនាំលើលិខិតជូនដំណឹងរបស់មេធាវី ប៉ុន្តែមិនមានការឆ្លើយតបទេ ហើយអង្គភាពយើងខ្ញុំរងចាំការបំភ្លឺបកស្រាយរៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន៕