2024-06-19 07:06
156

ខេត្តកំពត÷បុរសម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ដោយសារគ្រឿងចក្រកិនពង្រាបផ្លូវកិនពីលើ ។ហេតុការណ៍័នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង១៥នាទីព្រឹកថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២៤ ស្ថិតនៅ ចំណុចផ្លូវលំ កំពុងស្ថាបនាថ្មីមួយខ្សែស្ថិតនៅភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះវឿន ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិវត្តពោធ៍ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។
ប្រភពបន្ថែមថា មុនពេលកើតហេតុគេឃើញគ្រឿងចក្រ ប្រភេទរ៉ូឡូកិនផ្លូវមួយគ្រឿងបានឈប់ពីក្រោយគ្រឿងចក្រមួយគ្រឿងទៀតប្រភេទកៀរផ្លូវ ជាមួយគ្នានោះក៏មានប្រភពខ្លះថាជនរងគ្រោះជាអ្នករួមដំណើរ តែប្រភពខ្លះទៀតថាជនរងគ្រោះជាតៃកុងរ៉ូឡូពង្រាបផ្លូវ បន្ទាប់មកគេឃើញជនរងគ្រោះឡើងជិះគ្រឿងចក្រគៀរផ្លូវ និងឃើញបើកចេញ បានចម្ងាយជិត១០ម៉ែត្រ ពីរ៉ូឡូកិនផ្លូវ ហើយគេមិនដឹងថាជនរងគ្រោះលោតចុះឬក៏របូតដៃ នោះទេ បានធ្លាក់មកដីហើយត្រូវគ្រឿងចក្រនោះកិនស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌តែម្តង ។ក្រោយពេលកើតហេតុគ្រឿងចក្រដែលកិនជនរងគ្រោះនោះមិនបានឈប់នៅកន្លែងកើតហេតុនោះទេ គឺបានបើកចេញពីកន្លែងកើតហេតុចម្ងាយប្រហែលជាង៥០០ម៉ែត្រទើបចតចោលក្បែរផ្លូវរថភ្លើង រួចអ្នកបើកបរបានចុះរត់គេចខ្លួនបាត់តែម្តង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យរួចបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។