2024-06-19 08:06
219

ភ្នំពេញ៖ ស្ថានីយអគ្គសនីដើរដោយពន្លឺព្រះអាទិត្យ ដែលមានអានុភាព ៦០មេហ្គាវ៉ាត់ថ្មីមួយទៀត នឹងលេចរូបក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ក្នុងស្រុកទឹកផុសទឹកដីនៃខេត្តកំពង់ឆ្នាំង ខណៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តកាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ។
តាមការបញ្ជាក់របស់ ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា៖ «គម្រោងវិនិយោគថ្មី ០១កន្លែងទៀតនេះ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តកាលពីខែឧសភា ឆ្នាំ២០២៤ នោះគឺគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០ មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនី ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង»។ គម្រោងនេះមានទន់វិនិយោគប្រមាណជាង ៦៥ លានដុល្លារ ដែលបង្កើតការងារជូនប្រជាពលរដ្ឋជាង ៣៥ កន្លែង ដែលជាគម្រោងវិនិយោគស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស»។
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានថ្លែងនៅក្នុងវេទិកាថាមពលស្អាតអាស៊ី កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះថា៖ «ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តក្នុងការបង្កើនប្រភពថាមពលកកើតឡើងវិញឱ្យបាន ៧០ភាគរយ នៅឆ្នាំ២០៣០ ដើម្បីចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ និងពិភពលោក»។

   លោករដ្ឋមន្ត្រី បានបន្ថែមថា៖ «នៅក្នុងរយៈពេល៣ឆ្នាំ ខាងមុខនេះ គឺអាចមានការប្រឈមកង្វះថាមពលអគ្គិសនី ដែលរដ្ឋាភិបាលត្រូវដោះស្រាយបញ្ហា ចំនួន៣ គឺ៖ បញ្ហាទី១- ការរក្សាថ្លៃថាមពលអគ្គិសនីកុំឱ្យឡើង, ទី២- ដោះស្រាយបញ្ហាផ្គត់ផ្គង់អគ្គិសនីកុំឱ្យខ្វះ និង ទី៣- ចង់បង្កើនថាមពលបៃតងឱ្យបានច្រើន»។
  សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសកម្ពុជា មានស្ថានីយថាមពលពន្លឺព្រះអាទិត្យ ចំនួន ១១កន្លែង កំពុងដំណើរការដែលមានអានុភាព សរុប ៤២២ មេហ្កាវ៉ាត់ហើយកម្ពុជាបានទាញការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញចំនួន ៦២ភាគរយ និងមានគោលដៅបង្កើនឲ្យបាន ៧០ភាគរយ នៅឆ្នាំ២០៣០៕