2024-06-19 08:06
333

ខេត្តពោធិ៍សាត់: បុរសជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃុំថ្មដា ឃាត់ខ្លួនរួមជាមួយវត្ថុតាងថ្នាំញៀនមួយថង់ធំ ។ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃ វេលាម៉ោង ៧ យប់ ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៤  ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិឯកភាព ឃុំថ្មដាស្រុកវាលវែង ខេត្តពោធិ៍សាត់។
   តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនខាងលើនេះមានឈ្មោះ ជី សៅវៃ ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជាជនជាតិចិនមុខរបរលក់ម្ហូបអាហារ ទើបតែមករកបន្ទប់ស្នាក់នៅ ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ 
ប្រភពបន្ថែមថាមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានទទួល សេចក្តីរាយការណ៍ ពីម្ចាស់ផ្ទះជួលថាជនជាតិចិនរូបនេះមានសកម្មភាពគួរអោយសង្ស័យបន្ទាប់មកសមត្ថកិច្ចក៏បានចុះទៅពិនិត្យនិងឆែកឆេរ ក៏បានរកឃើញ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០១ កញ្ចប់ ធំ ដែលជនសង្ស័យលាក់ទុកក្នុងកញ្ចប់បារី  ទូរស័ព្ទដៃចំនួន ០២ គ្រឿង សម្ភារះសម្រាប់ប្រើប្រាស់ថ្នាំញៀនចំនួន ០១ កំផ្លេ និងថ្នាំញៀនប្រភេទគ្រាប់ពណ៍ផ្កាឈូក លាយ ស ចំនួន ៤០ គ្រាប់ផងដែរ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក វាលវែង ដើម្បីធ្វើការសាកសួរនិងរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ។