2024-06-20 04:06
150

ភ្នំពេញៈ កាលពីថ្ងៃ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅឃ្លាំងឱសថកណ្តាលនៃក្រសួង           សុខាភិបាល បានបើកអង្គប្រជុំក្រោមវត្តមាន ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី   រដ្ឋលេខាធិការក្រសួងសុខាភិបាល អនុប្រធានទី២ នៃក្រុមការងារបានដឹកនាំសមាជិកចុះត្រួតពិនិត្យនិងប្រគល់-ទទួល ការផ្គត់ផ្គង់ឱសថ និងវ៉ាក់សាំង ដោយមានការចូលរួមពី លោក លោកស្រី ដែលតំណាងអង្គភាពក្រោមឱវាទក្រសួងសុខាភិបាល ដូចជាមជ្ឈ មណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងតំណាងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលទទួលការផ្គត់ផ្គង់ដោយអង្គការ ហ្លូបល ដ្រាក់ ហ្វាស៊ីលីធី និង យូនីសេហ្វ ក្រោមការចំណាយថវិកាជាតិ ។ ជាលទ្ធផលសមាជិកទាំងអស់បានធ្វើការពិនិត្យ វ៉ាក់សាំង យូនីសេហ្វ (UNICEF)និងឱសថរបេងមនុស្សពេញវ័យ ហ្លូបល ដ្រាក់ ហ្វាស៊ីលីធី (Global Drug Facility) ដោយផ្ទៀងផ្ទាត់នូវបរិមាណលក្ខណៈបច្ចេកទេស គុណភាពនិងប្រភព ត្រឹមត្រូវតាមកិច្ចសន្យាផងដែរ។

នៅក្នុងឪកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់មន្រ្តីដែលទទួលបន្ទុកការងារនេះ  ឱ្យយកចិត្តទុកដាក់បន្ថែមទៅលើការតាមដាន ស្តុកឱសថ ប្រតិករ និងវ៉ាក់ស៊ាំង ព្រមទាំងគ្រប់គ្រងគុណភាពទៅលើការពិនិត្យ និងធ្វើតេស្តឱសថ ប្រតិករ នៅមន្ទីរពិសោធន៍ មុននឹងបែងចែកទៅដល់អ្នកប្រើប្រាស់។ លើសពីនេះ ឯកឧត្តមសាស្រា្តចារ្យ បានផ្តល់ឱកាសជូនប្អូនៗនិស្សិតចុះកម្មសិក្សា ដើម្បីចូលរួមត្រួតពិនិត្យគុណភាព  និងចែករំលែកបទពិសោធន៍ចំណេះដឹងទៅលើយន្តការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ឱសថ និងវ៉ាក់សាំង នេះផងដែរ ។