2024-06-20 05:06
159

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមការងារសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានធ្វើដំណើរទៅកាន់ស្រុកព្រៃក ប្បាស នៃទឹកដីខេត្តតាកែវ ដើម្បីទទួលសមុច្ច័យ សរុបចំនួន ៤៤ ពីប្រជាពលរដ្ឋ ចំនួន ២៧គ្រួសារ មានដូចជា៖ ហូលពិតាន ចំនួន ០៣, សំពតហូល ចំនួន ១៧, សំពត់ផាមួងលាត ចំនួន ០៥, សំពត់អន្លូញ ចំនួន ០៤, អាវផាមួង ចំនួន ០៤, អាវហូល ចំនួន ០៥, កន្សែងហូលពានា ចំនួន ០២, កាបូបហូល ចំនួន ០២, ក្រណាត់ហូល ចំនួន ០១ និងក្រមាសូត្រ ចំនួន០១។

ចំពោះសមុច្ច័យ ចំនួន ៤៤ សមុច្ច័យ មានដូចជា ហូលពិតាន សំពត់ហូល អាវផាមួង និងក្រណាត់ហូល ជាដើម ដែលបងប្អូនប្រជាពលរដ្ឋ ចំនួន ២៧គ្រួសារ រស់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានប្រគល់ជូន យកមករក្សាទុកក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីតាំងបង្ហាញជូនសាធារណៈបានទស្សនា និងសិក្សាស្វែងយល់។ 

សូមជម្រាបថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានទីតាំងស្ថិតនៅ ភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវ ៦០ម៉ែត្រសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សារមន្ទីរបើកឱ្យសាធារណជនបានចូលទស្សនាចាប់ពីថ្ងៃពុធ ដល់ថ្ងៃចន្ទ ពីម៉ោង ៨និង៣០នាទីព្រឹក ដល់ម៉ោង៤ល្ងាចជារៀងរាល់សប្តាហ៍៕