2024-06-21 01:06
177

ភ្នំពេញ៖ មុខសញ្ញាជនសង្ស័យប្រុស-ស្រី ចំនួន ០៣នាក់ ដែលបានផ្សំគំនិតគ្នាទិញឯកសណ្ឋាននគរបាលជាតិ និងឋានន្តរសក្តិ មកស្លៀកពាក់ ដើម្បីបន្លំខ្លួនជាមន្ត្រីនគរបាល រួមធ្វើសកម្មភាពប្លន់យកទូរសព្ទដៃ និងម៉ូតូពីនិស្សិតស្រីម្នាក់ និងព្រះសង្ឃមួយអង្គ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោស្រាវជ្រាវបង្ក្រាប រួចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាករចាត់ការបន្ត។ 

ក្រុមមុខសញ្ញាជនសង្ស័យបន្លំជាមន្ត្រីនគរបាលទាំង ០៣នាក់ ត្រូវបានបង្ហាញមុខជាសាធារណៈ នៅព្រឹថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ មុនបញ្ជូនទៅតុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ ក្រុមប៉ូលិលសក្លែងក្លាយទាំងនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ វេលាម៉ោង ១៥និង៣០នាទី ត្រង់ចំណុច ផ្ទះចាំចំការ ផ្លូវទំនប់សណ្តរស្ទឹង ស្ថិតនៅភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងថា ជនរងគ្រោះមានគ្នា ចំនួន ០២នាក់ រួមមាន៖ ទី១- ឈ្មោះ សាន ពិសី ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ និស្សិត ទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ និង ទី២- ឈ្មោះ ចាន់ ផលលិត ភេទប្រុស អាយុ ១៩ឆ្នាំ ជាព្រះសង្ឃ ស្នាក់នៅ វត្តកំពង់ក្ដុល ស្ថិតនៅភូមិម្មិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានក្រុមជនសង្ស័យចាប់ឃុំឃាំង និងដាក់ខ្នោះក្នុងបន្ទប់ផ្ទះចាំចំការកន្លែងកើតហេតុប្លន់យកទូរសព្ទដៃ ម៉ូតូ និងជំរិតទាលុយ ចំនួន ៥០០ដុល្លារ។

តាមរបាយការណ៍ប៉ូលិសបានឱ្យដឹងថា៖ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ សាន ពិសី ភេទស្រី អាយុ ១៩ឆ្នាំ បានជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដាប៊ីត ពណ៌ខៀវ ស៊េរីឆ្នាំ២០១៩ ចេញពីផ្ទះស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដើម្បីយកសៀវភៅទៅប្រគេនព្រះសង្ឍរងគ្រោះព្រះនាម ចាន់ ផលលិត ភេទប្រុស ព្រះជន្ម ១៩វស្សា នៅផ្ទះចាំចំការ ដែលអ្នកទាំងពីរ (នារីរងគ្រោះ និងព្រះសង្ស) ធ្លាប់យកសៀវភៅទៅប្រគេនពីមុន នៅភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ ដែលធ្លាប់មានទំនាក់ទំនងស្គាល់ជាមួយបុរសម្នាក់ មានឈ្មោះ ប៊ុត សាវី ភេទប្រុស អាយុ ៦៥ឆ្នាំ ជាអ្នកចាំចំការឱ្យម្ចាស់ដី។ 

តាមរបាយការណ៍បានឱ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ សាន ពិសី ទៅដល់ផ្ទះចាំចំការ នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃខែឆ្នាំដដែល ហើយបានឡើងទៅជួបព្រះសង្ឃ ចាន់ ផលលិត នៅផ្ទះចាំចំការខាងក្រោយ ហើយបានយកសៀវភៅចេញពីកាបូបប្រគល់ឱ្យព្រះអង្គ។ បន្ទាប់មកនារីរងគ្រោះ ក៏បានខ្ចីទូរសព្ទដៃ ម៉ាក Iphone Xs Max របស់ព្រះសង្ឃ ចាន់ ផលលិត ដើម្បីហៅទូរសព្ទទៅមិត្តភក្តិ ស្រាប់តែមានជនសង្ស័យឈ្មោះ ជ្រឹង វេហា ហៅ ភោគ ភេទប្រុស អាយុ ១៨ឆ្នាំ បានឡើងទៅលើផ្ទះចាំចំការ ក្នុងសម្លៀកបំពាក់ជាមន្ត្រីនគរបាល ឈុតប្រយុទ្ធមានស្លាកឈ្មោះ វី សុភាវ៉ាន់ អត្តលេខ 65145 ដណ្តើមយកទូរសព្ទដៃពីនារីរងគ្រោះឈ្មោះ សាន ពិសី រួចរុញឱ្យចូលទៅក្នុងផ្ទះជាមួយព្រះសង្ឃព្រះនាម ចាន់ ផលលិត និងបានទាញទ្វារបិទយកខ្សែចងទ្វារពីខាងក្រៅ។ 

ប្រភពបានឱ្យដឹងទៀតថា ក្រោយឃុំឃាំងនារងគ្រោះ និងព្រះសង្ឃក្នុងបន្ទប់ ជនសង្ស័យឈ្មោះ ជ្រឹង វេហា ហៅភោគ បានគំរាមឱ្យនៅស្ងៀមកុំស្រែកបន្ទាប់មានជនសង្ស័យ ចំនួន ០២នាក់ទៀត មានឈ្មោះ វី សុភាវ៉ាន់ ហៅ វ៉ាន់ មករា ហៅ សិដ្ឋ ភេទប្រុស អាយុ ២៣ឆ្នាំ ស្លៀកពាក់ឯកសណ្ឋាននគរបាល ពណ៌ទឹកដោះគោ ពាក់សក្តិ៤ និង ឈ្មោះ ខូវ រច្ចនា ភេទស្រី អាយុ ១៩ឆ្នាំ បានចូលមកដល់ហើយបានគំរាមទារលុយពីជនរងគ្រោះឈ្មោះ សាន ពិសី ចំនួន ៥០០ដុល្លារ ពេលនោះព្រះសង្ឃ ចាន់ ផលលិត ក៏បានសួរនាំក្រុមជនសង្ស័យថា «ប៉ូលិសមកពីខាងណា» រួចពួកគេបានប្រាប់ជនរងគ្រោះហាក់ដូចមិនច្បាស់លាស់ ទើបព្រះសង្ឃ ចាន់ ផលលិត ក៏បានលួចលូនចេញពីក្នុងតាមសំយ៉ាបផ្ទះចុះទៅក្រោម ត្រូវបានជនសង្ស័យឈ្មោះ វី សុភាវ៉ាន់ ហៅ វ៉ាន់ មករា ហៅ សិដ្ឋ បានឃើញក៏ដេញតាមតែមិនទាន់ក៏បានត្រឡប់មកវិញ ក៏បើកទ្វារចូលទៅក្នុងផ្ទះដាក់ខ្នោះដៃជនរងគ្រោះឈ្មោះ សាន ពិសី រួចយកកាបូបស្ពាយរបស់នារីជនរងគ្រោះឆែករកមើលឃើញសោម៉ូតូរួមនិងទូរសព្ទដៃមនាំគ្នាគេចខ្លួនបាត់តែម្តង។ប្រភពបន្តទៀតថា ដោយសារកដៃនារីរងគ្រោះឈ្មោះ សាន ពិសី តូច ក៏បានប្រឹងរើដោះខ្នោះដៃចេញដោយខ្លួនឯងរួចបានទៅប្តឹងសមត្ថកិច្ចគរបាលប៉ុស្តិ៍សង្កាត់ទៀន ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ដើម្បីតាមចាប់ខ្លួនជនសង្ស័យចាត់ការតាមផ្លូវច្បាប់។ លុះរហូតដល់វេលាម៉ោង ២១និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួន បានជនសង្ស័យ ចំនួន ០២នាក់ មានឈ្មោះ វី សុភាវ៉ាន់ ហៅ វ៉ាន់ មករា ហៅ សិដ្ឋ និង ឈ្មោះ ខូវ រច្ចនា រួមនិងវត្ថុតាង ម៉ូតូ ម៉ាក ហុងដាប៊ីត ពណ៌ខៀវ ស៊េរីឆ្នាំ២០១៩ ពាក់ស្លកាលេខ ភ្នំពេញ 1HU-2504 ០១គ្រឿង ជារបស់ជនរងគ្រោះឈ្មោះ សាន ពិសី ព្រមទាំងខ្នោះដៃ ចំនួន ០២, កាតប៉ូលិស (ក្លែងក្លាយ) , ប័ណ្ណសសើរ (ក្លែងក្លាយ), ឯកសណ្ឋាននគរបាល អាវឈុតពណ៌ខៀវ មានស្លាកឈ្មោះ វី សុភាវ៉ាន់ ចំនួន០១, ឯកសណ្ឋាននគរបាល អាវពណ៌ទឹកដោះគោ ពាក់សក្តិ៤ របស់ឈ្មោះ វី សុភាវ៉ាន់ ចំនួន០១, ទូរសព្ទដៃ ម៉ាក Tecno Spark ចំនួន ០២គ្រឿង, លិខិតសុំបម្រើការងារឈ្មោះ ជ្រឹង វេហា ចំនួន ០១សន្លឹក, ឯកសារធ្វើដីកាចាប់ខ្លួនក្លែងក្លាយមួយចំនួន, កាបូបស្ពាយពណ៌ខ្មៅ ចំនួន០១។

អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាក់ថា ក្រោយការចាប់ខ្លួនជនសង្ស័យពីរនាក់ខាងលើ សមត្ថកិច្ចបន្តនិតិវិធីជំនាញនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត មានឈ្មោះ ជ្រឹង វេហា ហៅ ភោគ ត្រង់ចំណុច ផ្ទះលក់គ្រឿងសំណង់ ផ្លូវសណ្តរស្ទឹងព្រែកត្នោត ក្នុងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ ដកហូតវត្ថុតាង ទូរសព្ទដៃ ម៉ាក Iphone Xs Max ពណ៌ទឹកមាស ចំនួន ០១គ្រឿង របស់ព្រះសង្ឃរងគ្រោះព្រះនាម ចាន់ ផលលិត, ស្រោមខ្នោះដៃ ពណ៌ខ្មៅ ចំនួន២, ខ្សែក្រវ៉ាត់ប៉ូលិស ចំនួន១, ឯកសណ្ឋាននគរបាល ខោជើងវែង ពណ៌ខៀវ ចំនួន១, អាវយឺតដៃវែង ពណ៌ខ្មៅ មានឡូហ្គោប៉ូលិស ចំនួន០១។

ក្រុមជនសង្ស័យបានឆ្លើយសារភាពថា៖ «ពួកគេពិតជាបានធ្វើសកម្មភាពដាក់ខ្នោះដៃជនរងគ្រោះឈ្មោះ សាន ពិសី ប្លន់យកម៉ូតូ និងទូរសព្ទរបស់ជនរងគ្រោះទាំងពីរនាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គប្រាកដមែន»។

បច្ចុប្បន្នជនសង្ស័យជាប៉ូលិលក្លែងក្លាយ ត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោរៀបសំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕