2024-06-21 03:06
139

ព្រះសីហនុៈ ទីបំផុតសមត្ថកិច្ចបានបំបែកសំណុំរឿងពាក់ព័ន្ធទៅនិងករណីឆេះសណ្ឋាគារ អន្តរជាតិ នៅម្តុំចំណោតអូរសំអាត ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ដែលបណ្តាលឲ្យបុរសជនជាតិចិនម្នាក់ឆេះស្លាប់ ក្នុងនោះសមត្ថកិច្ចរកឃើញថានេះគឺជាករណីឃាតកម្មដុតសម្លាប់មនុស្ស ទើបបង្កឲ្យឆេះរាលដាលដល់សណ្ឋាគារតែម្តង ។

បើតាមសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ឲ្យដឹងជាបឋមនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ ថាក្រោមកិច្ចសហការពីសមត្ថកិច្ចចំរុះ និងផ្នែកជំនាញពាក់ព័ន្ធ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ ជាជនជាតិខ្មែរម្នាក់ ដែលសមត្ថកិច្ចអះអាងថាជាអ្នកចាក់ប្រេងដុតទៅលើជនរងគ្រោះ បង្កទៅជាអគ្គិភ័យឆេះរលាកជនរងគ្រោះ និងរាលដាលឆេះផ្នែកខាងក្រោមក្នុងសណ្ឋាគារអន្តរជាតិទៀតផង ប៉ុន្តែយ៉ាងណានោះអគ្គិភ័យនេះក៏បានរលត់អស់ទៅវិញ ក្រោយសមត្ថកិច្ចជួយអន្តរាគមន៍ពន្លត់ទាន់ពេល ។

សូមបញ្ជាក់ថា ក្រោយកើតហេតុជនសង្ស័យ ដែលទើបឃាត់ខ្លួនបាននេះ បានរត់គេចខ្លួន ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេលក្រោយមកជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិតតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានចាក់សាំងដុតជនរងគ្រោះពិតប្រាកដមែន មូលហេតុដោយសារខឹងជនរងគ្រោះមើលងាយ និងមិនព្រមបើកប្រាក់ខែឲ្យ ព្រមទាំងបោកទូរស័ព្ទរបស់ខ្លួនបែកអស់ថែមទៀតផង ។
ករណីនេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ កំពុងបន្តនីតិវិធីទៅលើជនសង្ស័យតាមផ្លូវច្បាប់៕