2024-06-21 03:06
147

កំពង់ស្ពឺ៖ មន្ត្រីជាន់ខ្ពស់ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ បានលើកឡើងថា៖ «ករណីហ្វូងសត្វដង្កូវស៊ីបំផ្លិចបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករ បន្ទាប់ពីបាញ់ថ្នាំកញ្ចាត់ដង្កូវ ដំណាំស្រូវ និងលូតលាស់ធម្មតា ដោយសារមានភ្លៀងធ្លាក់ជាបណ្តើរៗ»។ 

លោកថ្លែងបែបនេះ នាឱកាសបន្តចុះពិនិត្យស្ថានភាព នៃការផ្ទុះរាលដាលដង្កូវហ្វូង និងនាំយកថ្នាំសម្លាប់ដង្កូវ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ។
លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ នៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានបន្តចុះពិនិត្យស្ថានភាព នៃការផ្ទុះរាលដាលដង្កូវហ្វូងស៊ីដំណាំស្រូវ និងនាំយកថ្នាំបាញ់សម្លាប់ដង្កូវ នៅភូមិគាម្មនី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អាជ្ញាធរស្រុក ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺផងដែរ។

លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ បានថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅកណ្តាលវាលស្រែថា៖ «បើតាមព័ត៌មានបឋម ដំណាំស្រូវប្រមាណជា ១៥ហិកតា ក្នុងចំណោមដំណាំស្រូវជាង ៤០០ហិកតា ត្រូវបានសត្វដង្កូវហ្វូងស៊ីត្រួយស្រូវស្ទើរអស់ទាំងស្រុង។ ប៉ុន្តែបន្ទាប់ពីបាញ់ថ្នាំកញ្ចាត់ដង្កូវ ដំណាំស្រូវ និងលូតលាស់ធម្មតា ដោយសារមានភ្លៀងធ្លាក់ជាបណ្តើរៗ»។ 

ករណីនេះលោកបានណែនាំទៅមន្ត្រីកសិកម្មប្រចាំខេត្តកំពង់ស្ពឺ ត្រូវសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងវាយតម្លៃលើដំណាំស្រូវដែលដង្កូវហ្វូងស៊ីជាប្រចាំ ដើម្បីស្រង់ស្ថិតិ ឬទិន្នន័យដែលរងផលប៉ះពាល់បន្ថែមទៀត បញ្ជូនទៅក្រុមការងារជំនាញពិនិត្យ និងងាយស្រួលរកវិធីជួយដោះស្រាយបញ្ហាប្រឈមទាំងនោះ ជូនប្រជាកសិករនៅតំបន់នោះ។

នៅអំឡុងពេលចុះពិនិត្យនោះ ក្រុមការងារជំនាញកសិកម្មបានយកថ្នាំបាញ់សម្លាប់ដង្កូវហ្វូង ចំនួន ២ប្រភេទ ឈ្មោះថ្នាំពិឃាតដង្កូវ និងប្រេងបង្កើនប្រសិទ្ធភាព ជីថ្នាំកសិកម្ម ជូនប្រជាកសិករ ដើម្បីបាញ់សម្លាប់ដង្កូវហ្វូង នៅភូមិគាម្មនី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ផងដែរ។

ប្រធាននាយកដ្ឋានដំណាំស្រូវ លោក គង់ គា ក៏បានណែនាំទៅប្រជាសហគមន៍ និងប្រជាកសិករ ប្រើថ្នាំបាញ់សម្លាប់ដង្កូវហ្វូងនៅពេលព្រឹក ពេលល្ងាច ឬពេលយប់ជាដើម ទើបសម្លាប់ដង្កូវនោះ បានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕