2024-06-23 05:06
182

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់មួយរវាងរថយន្ត ហាយឡេនឌ័រ បើកបុកម៉ូតូពីក្រោយបណ្តាលឱ្យរបួសធ្ងន់ស្រាល២នាក់នៅស្រុកកំពង់រោទ៍។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៤៣នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅលើផ្លូវលេខ៣៣៤ ស្ថិតនៅចំណុចភូមិត្រពាំងកំពឹស ឃុំខ្សត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នករងរបួសមានឈ្មោះ គង់ សុខ ភេទស្រី អាយុ ៥៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងកំពឹស ឃុំ ខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង និងអ្នករួមដំណេីរឈ្មោះ ព្រំ ផាត ភេទស្រី អាយុ៧០ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បើកម៉ូតូម៉ាកយ៉ាម៉ាហា សុីរ៉ុស ពណ៌ក្រហម ស ពាក់ស្លាកលេខ  ស្វាយរៀង ១k-៧០៣៨ ខូចខាតយ៉ាងដំណំ។
    ចំណែកអ្នកបើករថយន្តឈ្មោះ សៅ សារៀង ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ គ្រូពេទ្យ រស់នៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទ៍  ខេត្តស្វាយរៀងបើករថយន្តម៉ាកហាយឡេនឌ័រ ស៊េរីឆ្នាំ ២០០២ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២S-៥៦២៥ ។
តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានស្ត្រី២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហា សុីរ៉ុស ពណ៌ក្រហម ស ពាក់ស្លាកលេខ  ស្វាយរៀង១k-៧០៣៨ដោយធ្វើដំណើរពីកើតមកលិច លើផ្លូវ៣៣៤ ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រ ស៊េរីឆ្នាំ ២០០២ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២S-៥៦២៥ ប្រើប្រាស់ល្បឿនលឿនប៉ះម៉ូតូពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរតែម្ដង។
   បច្ចុប្បន្នរថយន្តនិងម៉ូតូ សមត្ថកិច្ចបានវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្សែត្រដើម្បីចាត់ការបន្តតាមច្បាប់ រីឯអ្នករបួសបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម៕