2024-06-23 05:06
149

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ឃើញជនរងគ្រោះ២នាក់ប្តីប្រពន្ធជាជនបរទេស កំពុងខូចរថយន្ត ឆ្លៀតឱកាសបើកម៉ូតូទៅឆក់កាបូបស្ពាយ ពីបុរសជាប្តី តែសំណាងល្អខ្សែកាបូបមិនដាច់ ជនរងគ្រោះទាញកន្ត្រាក់មកវិញ បណ្តាលឱ្យដួលម៉ូតូ ជនសង្ស័យភ័យស្លន់ស្លោ រត់ឡើងម៉ូតូបក្ខពួកមួយគ្រឿងផ្សេងទៀត ជិះគេចខ្លួនបាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវលេខ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូដែលជនសង្ស័យរត់ចោលម៉ាក ហុងដាស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IN-1719 ។
   ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ មានជនបរទេស២នាក់ប្តីប្រពន្ធ ខូចរថយន្តនៅលើផ្លូវលេខ១១០ ហើយជនរងគ្រោះទាំង២នាក់បានចុះចេញពីរថយន្ត ដោយបុរសជាប្តីជាអ្នកស្ពាយកាបូប កំពុងឈរនៅលើផ្លូវមើលរថយន្ត ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IN-1719 ឆក់កាបូបស្ពាយ តែមិនបានសម្រេច ព្រោះមិនបានដាច់ខ្សែ ជនរងគ្រោះកន្ត្រាក់ទាញមកវិញ ធ្វើឱ្យជនសង្ស័យដួលម៉ូតូ ភ័យស្លន់ស្លោ រត់ឡើងជិះម៉ូតូបក្ខពួកមួយគ្រឿងផ្សេងទៀតគេចខ្លួនបាត់ ។
   បន្ទាប់ពីកើតហេតុ សមត្ថកិច្ចចុះទៅ យកម៉ូតូជនសង្ស័យទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងបន្តស្រាវជ្រាវរកមុខសញ្ញា និងបក្ខពួកយកមកផ្តន្ទាទោសទៅតាមនីតិវិធី ៕