2024-06-27 12:06
176

ខេត្តពោធិ៍សាត់:  លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់និងលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ប្រតិភូ អភិបាលរង ជុំវិញមន្ទីរពាក់ព័ន្ធខេត្តអភិបាលស្រុក ក្រុង និងកងកម្លាំងប្រដាប់អាវុធទាំងបី  ព្រមទាំងប្រជាពលរដ្ឋនិងលោកគ្រូអ្នកគ្រូសិស្សានុសិស្ស បានអញ្ជើញចូលរួមក្នុងពិធីដាំកូនឈើចំនួន៥០០ដើម ។ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សាលាបឋមសិក្សានិងវិទ្យាល័យប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ស្ថិតក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ 

លោកអភិបាលខេត្តបានថ្លែងក្នុងពិធីថា: ដើមឈើពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សនិងសត្វ នៅក្នុងបរិស្ថាន ដើមឈើជួយឱ្យមានដំណើរការប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិនានា ផ្តល់ជាម្លប់ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស និងផ្តល់ត្រឡប់មកវិញនូវអុកស៊ីសែនសម្រាប់មនុស្ស និងសត្វដកដង្ហើមជាដើម។
លោក ខូយ រីដា បន្តលើកឡើងការរៀបចំឱ្យមានពិធីដាំកូនឈើនេះក្នុងគោលបំណងក្នុងស្មារតីបំផុសការដាំដើមឈើឡើងវិញ បណ្តុះគំនិតថែរក្សា ការពារ ស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ និងមួយវិញទៀតដើម្បីកែលម្អ លើកកម្ពស់សោភណ្ឌភាពជុំវិញទីតាំងនេះ ឱ្យបានល្អប្រសើរ ក្លាយជាតំបន់បរិស្ថានបៃតង ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានសង្ឃឹមយ៉ាងមុតមាំថា ក្នុងថ្ងៃអនាគតដ៏ខ្លីខាងមុខ ទីកន្លែងនេះ នឹងអាចក្លាយជាកន្លែងមួយល្អសម្រាប់សម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ បំបាត់អស់ភាពនឿយណាយ អារម្មណ៍តានតឹង និងជាកន្លែងសម្រាប់ធ្វើលំហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ និងសិស្សសនុសិស្សផងដែរ។

មុននឹងបញ្ចប់ពិធីនេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងនូវការកោតសសើរ ដល់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ប្រតិភូ និងសូមវាយតម្លៃខ្ពស់ ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ឌរដ្ឋបាលព្រៃឈើ អាជ្ញាធរស្រុកក្រុង-សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការល្អ ក្នុងការរៀបចំឱ្យមានព្រឹត្តិការណ៍ដាំកូនឈើ នាពេលនេះ និងត្រូវបន្តធ្វើកិច្ចការនេះតទៅទៀត ដើម្បីបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជា ភូមិ ឃុំ របស់យើងបៃតង។ លើសពីនេះទៀត បងប្អូនប្រជាពលរដ្ឋត្រូវចូលរួម ថែរក្សា ការពារ ស្រោចទឹក និងដាក់ជីកូនឈើ ទាំងនេះឱ្យបានទៀងទាត់ ដើម្បីឆាប់លូតលាស់ធំបានរហ័ស ក្នុងស្មារតីជាប្រយោជន៍រួមសម្រាប់យើងទាំងអស់គ្នា៕ លាន គ្រន