2024-07-08 04:07
150

ភ្នំពេញ៖ អ្នកជំនួញផ្នែកអចលទ្រព្យល្បីឈ្មោះម្នាក់ ដែលកាន់ការងារជាច្រើន និងជាគ្រូជោគជ័យ មានគោរមងារ ជា «ឧកញ៉ា» ត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់ខ្លួនតាមអំណាចដីការបស់ សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ឬហៅម្យ៉ាងទៀតថា «សែកស្អុយ» ហើយត្រូវបានចៅក្រមស៊ើបសួរសម្រចឱ្យឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារាជធានីភ្នំពេញ (PJ)។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលបានចាប់ខ្លួន ឧកញ៉ា ម៉ាន់ ចន្ទ័ឌី អគ្គនាយកក្រុមហ៊ុន PREMIUM Group និងជានាយកប្រតិបត្តិ ក្រុមហ៊ុន IQI Cambodia កាលពីថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២៤ កន្លងទៅ និងបានដាក់ពន្ធនាគារនៅថ្ងៃទី០៥ ខែកក្តដា ក្រោមបទចោទ៖ «មិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍ដែលអាចជួញដូរបាន»។

យោងតាមដីកាបង្គាប់ឱ្យឃុំលេខ ៦៤៧៣ “ភ” ដ.ឃ.ដ ចេញដោយ លោក តុប ឈុនសុង ចៅក្រមសើបសួ នៃសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២៤ បង្គាប់ឱ្យភ្ញាក់ងារមានសមត្ថកិច្ចសាធារណៈ នាំខ្លួនជនត្រូវចោទឈ្មោះ ម៉ាន់ ចន្ទ័ឌី ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ៧E ផ្លូវបុរី៥ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ដាក់ស្ថិតក្រោមការត្រួតពិនិត្យ ពីបទ៖ «មិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍ដែលអាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានៅភ្នំពេញ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញាតិ មាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

សូមជម្រាបថា ឧកញ៉ា ម៉ាន់ ច័ន្ទឌី ត្រូវបានគេចាត់ថា ជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះមួយរូប ដោយលោកមានក្រុមហ៊ុនជាច្រើននៅក្នុងដៃ និងមានបទពិសោធន៍ លើវិស័យអចលនទ្រព្យជាច្រើនឆ្នាំ ព្រមទាំងម្ចាស់ស្នាដៃសៀវភៅ “គន្លឹះសំខាន់សម្រាប់ភ្នាក់ងារអចលនទ្រព្យ” មិនតែប៉ុណ្ណោះ លោកបានកាន់តួនាទីជាច្រើនផ្សេងទៀត ក្នុងវិស័យអចលនទ្រព្យ ដូចជា៖ អគ្គនាយកក្រុមហ៊ុន PREMIUM Group, នាយកប្រតិបត្តិ ក្រុមហ៊ុន IQI Cambodia, អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា, ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា និងជានិច្ចកាលតែងឃើញវត្តមានក្នុងកម្មធំៗផងដែរ។

សូមបញ្ជាក់ថា អ្នកជំនួញផ្នែកអចលនទ្រព្យ និងជាគ្រូជោគជ័យ លោក ម៉ាន់ ច័ន្ទឌី ទទួលបានគោរមងារ ជា «ឧកញ៉ា» នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១៕