2024-07-09 12:07
124

ស្វាយរៀង៖ ចំណាក់ការលើសំណុំរឿង ជនជាតិនីហ្សេរីយ៉ាម្នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនជិត ១០គីឡូក្រាម ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានសម្រចចោទប្រកាន់ ពីបទ៖ «ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និង បទ៖ «ចូលមកប្រទេសកម្ពុជាដោយគ្មានការអនុញ្ញាត» ដែលបានប្រព្រឹត្តនៅភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ តាមមាត្រា ៤០ កថាខណ្ឌទី២ ទី៣ និង ទី៧ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ២៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និងបានឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារ ដើម្បីរងចាំចំណាត់ការបន្តតាមនិតិវិធីច្បាប់។

អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា៖ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងខេត្តស្វាយរៀង បានទទួលសំណុំរឿងព្រហ្មទណ្ឌលេខៈ ៣៥៣ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ទាក់ទិននឹងការបង្ក្រាបអំពើជួញដូរគ្រឿងញៀនចំនួនមួយករណី ដែលមានសារធាតុគ្រឿងញៀន ប្រភេទ ហេរ៉ូអ៊ុន និងប្រភេទ មេតំហ្វេតាមីន សរុបទម្ងន់ ៩ ៨២២,៧៧ក្រាម (ប្រាំបួនពាន់ ប្រាំបីរយម្ភៃពីរ កណ្ដកសញ្ញាចិតសិប ប្រាំពីរ)ក្រាម មានជនជាប់ពាក់ព័ន្ធជាជនជាតិ នីហ្សេរីយ៉ា ចំនួន ០១នាក់ (មានខ្លួន) ត្រូវបានតំណាងអយ្យការ ដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទ៖ «ដឹកជញ្ជូន ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន» និង បទ៖ «ចូលមកប្រទេសកម្ពុជាដោយគ្មានការអនុញ្ញាត» តាមមាត្រា ៤០ កថាខណ្ឌទី២ ទី៣ និង ទី៧ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ២៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍។ 

បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន លើជនត្រូវចោទដូចខាងលើ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខៈ ១៦១៥/២៤ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៤ នៅពន្ធនាគារខេត្តស្វាយរៀង ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

សូមជម្រាបថា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២៣និង៣០នាទី នៅចំណុច ភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមនោរម្យ សហការជាមួយកម្លាំងប្រជាការពារភូមិ និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដឹកនាំដោយលោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុក បានបើកប្រតិបត្តិការបង្ក្រាបករណី ជួញដូរ ដឹកជញ្ជូន គ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ ០១ករណី។ កិច្ចប្រតិបត្តិការបង្ក្រាបនេះ អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន ព្រមទាំងមានការសម្របសម្រួលផ្ទាល់ពី លោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។

ការបង្ក្រាបករណី ជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ ខាងលើជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០១នាក់ មានឈ្មោះ MADU DANIEL SOPURU ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ នីហ្សេរីយា កាន់លិខិតឆ្លងដែនលេខ A06478250 (ហួសសុពលភាព) មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានចាប់យកសម្ភារៈវត្ថុតាង រួមមាន៖ សារធាតុញៀន ប្រភេទ ហេរ៉ូអ៊ីន ទម្ងន់សុទ្ធ ៦៩៥៤,៦៨ក្រាម (៦គីឡូ៩៥៤.៦៨ក្រាម), សារធាតុញៀន ប្រភេទ មេតំហ្វេតាមីន ទម្ងន់សុទ្ធ ២៨៦៨,០៩ក្រាម (២គីឡូ៨៦៨.០៩ក្រាម) សរុបសារធាតុញៀនទាំង២ប្រភេទ ទម្ងន់សុទ្ធ ៩៨២២,៧៧ក្រាម(៩គីឡូ៨២២.៧៧ក្រាម), លិខិតឆ្លងដែន ០១ក្បាល, ទូរសព្ទដៃ ចំនួន ០២គ្រឿង, កាបូបស្ពាយ ពណ៌ខ្មៅ ដាក់គ្រឿងញៀនមួយ៕