2024-07-11 10:07
117

កណ្ដាល៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល បានសហការជាមួយមន្រ្តីជំនាញគយ នៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយ និងរដ្ឋាករខេត្តកណ្ដាល ចុះត្រួតពិនិត្យគុណភាពសាច់បង្កកដែលនាំចូលពីប្រទេសជិតខាង តាមរថយន្តសាំយ៉ុង ចំនួន ០៥គ្រឿងម៉ាក បានរកសាច់បង្កកចម្រុះ រួមមាន៖ ចុងស្លាបមាន់ និងគល់ស្លាបមាន់ ចំនួន ១,៥៦៣ កេស ស្មើនឹង ១៧,១៩៣គីឡូក្រាម។

ជាលទ្ធផល មន្ត្រីជំនាញ ក.ប.ប. បានពិនិត្យឃើញថា៖ «សាច់បង្កកទាំងនោះបានខូចគុណភាព និងផ្ទុកពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលមានចែងជាធរមាន ដោយមានការយល់ព្រមពីព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល មន្រ្តីជំនាញ ក.ប.ប. និងការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយ និងរដ្ឋាករខេត្តកណ្ដាល បានធ្វើការដុតកម្ទេចចោលសាច់បង្កកទាំងនោះតាមនីតិវិធី»។

តាមមន្ត្រីជំនាញបានបញ្ជាក់ថា ចំពោះម្ចាស់រថយន្ត និងអ្នកនាំចូលត្រូវបានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយ និងរដ្ឋាករខេត្តកណ្ដាល បន្តអនុវត្តតាមនីតិវិធីគយ និងរដ្ឋាករ។

សូមរំឭកថា ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ កន្លងទៅ បានចេញសេចក្តីក្រីប្រកាសព័ត៌មានរួមគ្នា ដោយរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចផ្អាកជាបណ្តោះអាសន្ន នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកសម្រាប់រយៈពេល ០៦ខែ។ 

ចំពោះអំពីវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល ០៦ (ប្រាំមួយ)ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលមានលេខប្រព័ន្ធសុខដុមនីយកម្ម និងនាមវលីគយ ដូចមាន អណ្តាតនៃសត្វគោក្របីបង្កក ថ្លើមគោក្របីបង្កក គ្រឿងក្នុង (Offal) បង្កកផ្សេងទៀត នៃសត្វគោក្របី ដែលអាចបរិភោគបានក្រៅពីអណ្តាត និងថ្លើមនៃសត្វជ្រូកបង្កក ជាដើម»។

សូមជម្រាបថា វិធានការផ្អាកការនាំចូលជាបណ្តោះអាសន្ននេះ បានចាប់ផ្ដើមអនុវត្តពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តែវិធានការនេះ មិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ៕