2024-07-11 07:07
311

ភ្នំពេញ៖ លោកមេធាវី សុភារិន វាស្នា ជាមេធាវីតំណាងដោយអាណត្តិ ឲ្យអ្នកឧកញ៉ា លី សុភ័ក្ត បានធ្វើលិខិតទៅទៅកាន់ម្ចាស់គណនីសង្គមហ្វេសប៊ុក និងតិកតុ មានឈ្មោះ «Camcar Collection» ឱ្យលុបសំណេរ និងវីដេអូរបស់ខ្លួន និងសុំទោសជាសាធារណៈចំពោះការធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ អ្នកឧកញ៉ា លី សុភ័ក្ត ជាបន្ទាន់ដោយទុក្ខឱសានវ៉ាតត្រឹមតែរយៈពេល២៤ម៉ោងប៉ុណ្ណោះ។ 

ការប្រកាសរបស់ មេធាវីរបស់អ្នកឧកញ៉ា លី សុភ័ក្ត បានធ្វើឡើងនៅនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីទំព័រហ្វេសប៊ុក Camcar Collection បានផ្សព្វផ្សាយលើហ្វេសប៊ុក នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នេះថា៖ អ្នកឧកញ៉ា លី សុភ័ក្ត បានផ្ដល់ឡាន ចំនួន ០៤គ្រឿង (៣កែឆ្នៃ+កាប់សាច់) ឱ្យទៅលោក ឡាយ ភាល័យ (ម្ចាស់ Camcar Collection) កែច្នៃជាឡានកង់៦ មកជា ០៣គ្រឿង។ 

ចំពោះរថយន្ត ម៉ាម៉ាក Rang Rove Defender ពេលលោក Camcar កែច្នៃរួចរាល់ឡាននោះ អ្នកឧកញ៉ា មិនទទួលយក បែរជាបញ្ជូនមេធាវីឱ្យលោក ឡាយ ភាល័យ (Camcar) ផ្ដិតមេដៃទទួលស្គាល់ថា ជាបំណុល ស្មើនឹងជាង១៤ ម៉ឺនដុល្លារទៅវិញ។ 

ការផ្សព្វផ្សាយដដែលថា «អ្នកឧកញ៉ាលេងផ្លូវកាត់ ដោយប្ដឹងកម្លាំងកងរាជអវុធហត្ថព័ទ្ធចាប់បង្ខំលោក ឡាយ ភាល័យ ទៅកងរាជអាវុធហត្ថស្ទឹងមានជ័យតែម្ដង»។
ជាការឆ្លើយតបការបង្ហោះផ្សព្វផ្សាយនេះ លោកមេធាវី សុភារិន វាស្នា បានចេញលិខិតប្រកាសឲ្យបុគ្គលនោះលប់សំណេរ និងវីដេអូរនោះចេញជាបន្ទាន់ និងត្រូវសូមទោសជាសាធារណៈ ព្រោះខ្លឹមសារនោះជាការបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើងនៅលើបណ្តាញសង្គម ដោយការអះអាងបំផ្លើសដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់កូនក្តីរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។ 

តាមលិខិតមេធាវីរបស់អ្នកឧកញ៉ា លី សុភ័ក្ត បានបញ្ជាក់ថា៖ «កន្លងមក ឈ្មោះ ឡយ ភាល័យ បានណែនាំឱ្យកូនក្តីខ្លួនទិទិញរថយន្ត និងយកមកឱ្យគាត់កែច្នៃ ហើយក្រោយមកកូនក្តីរបស់ខ្ញុំក៏បានសម្រេចចិត្តទិញ និងយកទៅឲ្យគាត់កែច្នៃ ព្រមទាំងបានបង់ប្រាក់អស់ជាច្រើនផងដែរ។ ប៉ុន្តែក្រោយពីឈ្មោះ ឡយ ភាល័យ បានទទួលប្រាក់ថ្លៃកែច្នៃ និងថ្លៃរៀបចំតម្លើងរថយន្ត គឺគាត់មិនបានប្រគល់រថយន្ត ហើយក៏មិនបានធ្វើតាមអ្វីដែល គាត់បានសន្យានោះទេ។ កូនក្តីរបស់លោកបានឱ្យអ្នកតំណាងធ្វើការទាក់ទងទៅឈ្មោះ ឡយ ភាល័យ តាមគ្រប់មធ្យោបាយតែគាត់មិន ព្រមសហការក្នុងការរកដំណោះស្រាយ និងបានព្យាយាមគេចវេសជាបន្តបន្ទាប់»។ 

ដូចនេះ ម្ចាស់ទំព័របណ្តាញសង្គម (Facebook, Tik tok) ឈ្មោះ Camcar Collection ត្រូវលុបសំណេរដែលខ្លួន បានបង្ហោះធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់អ្នកឧកញ៉ា លីសុភ័ក្ត និងសុំទោសជាសាធារណៈ ដោយទុករយៈពេល ២៤ម៉ោង គិតចាប់ពីពេលទទួលបានការជូនដំណឹងនេះតទៅ។ ប្រសិនបើ ម្ចាស់ទំព័របណ្តាញសង្គម (Facebook, Tik tok) ឈ្មោះ Camcar Collection នៅតែមិនព្រមអនុវត្តតាមកម្មវត្ថុដូចខាងលើនេះទេ ក្នុងនាមជាជាមេធាវីការពារសិទ្ធិ និងតំណាងដោយអាណត្តិសូមរក្សា សិទ្ធិក្នុងការអនុវត្តស្របទៅតាមនីតិវិធីច្បាប់ជាធរមាន៕