2024-07-06 08:07
239

ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ និងបណ្ដុំអង្គការសមាគមសង្គមស៊ីវិល បានចេញសេចក្តីប្រកាសព័ត៌មានថា នឹងធ្វើសន្និសីទសារព័ត៌មាន ស្តីពី៖ «ការលាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយក្រុមចលនាយុវជនខុសច្បាប់មាតាធម្មជាតិ» នៅ ។

យោងតាមសេចក្តីជូនដំណឹងនៃការធ្វើសន្និសីទនេះ នឹងធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៩និង៣០នាទីដល់ម៉ោង ១០និង៣០នាទី ទីកន្លែង៖ ទីស្នាក់ការយុវជនសង្គមស៊ីវិល ផ្ទះលេខ ២១-២៣ ក្រុម០៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រុមយុវជនសង្គមស៊ីវិល បានជម្រាបជូនសាធារណៈជន ពិសេសអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា៖ «កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនមាតាធម្មជាតិ ចំនួន ១០នាក់ ដាក់ពន្ធនាគារពី៦ឆ្នាំទៅ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល»។

ហេតុការណ៍នេះ បានធ្វើឲ្យយើងខ្ញុំក្នុងនាមជាយុវជនខ្មែរ ពិតជាមានការភ្ញាក់ផ្អើល និងមានក្តីអាណិតអាសូរជាពន់ពេក ចំពោះយុវជនជំនាន់ក្រោយដែលចាញ់កលជនបរទេស ប៉ុន្តែច្បាប់គឺជាច្បាប់ បុគ្គលណាសាងបុគ្គលនោះទទួល។ ផ្ទុយមកវិញ នៅក្រោយពីវាំងននខ្មៅនៃសកម្មភាពក្រុមយុវជនធ្វើចលនាជ្រុលនិយមទាំងនេះ គឺមានដើមចមអ្នកនៅពីក្រោយដោយពួកគេបានប្រើនូវមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមចំពោះយុវជនខ្មែរ ឱ្យងប់លង់ជាមួយពួកគេ។

ដូច្នេះ ដើម្បីលាតត្រដាង និងបង្ហាញការពិត ឱ្យកាន់តែច្បាស់ សូមជម្រាបជូនសាធារណៈជន ពិសេសអ្នកសារព័ត៌មានជាតិ-អន្តរជាតិ មេត្តាជ្រាបថា យើងខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មានស្តីពី៖ «លាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយក្រុមចលនាយុវជនខុសច្បាប់មាតាធម្មជាតិ»។ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ចូលរួមការមកផ្តិតយកព័ត៌មានបកស្រាយការពិតនេះ ដើម្បីផ្សព្វផ្សាយជូនដល់ សាធារណៈជន ឱ្យបានយល់ច្បាស់អំពីនយោបាយខ្មៅកខ្វក់ ក៏ដូចជា ចូលរួមទប់ស្កាត់ និងបង្ការកុំឲ្យកើតមានសកម្មភាពជ្រុលនិយមតទៅមុខទៀត៕