2024-07-09 02:07
192

ភ្នំពេញ៖ ជនអន្តោប្រវេសន៍ជនជាតិវៀតណាម សរុបចំនួន ២១នាក់ ស្រី០២នាក់ ត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានបណ្តេញចេញពីកម្ពុជាឱ្យវិលទៅកាន់ប្រទេសកំណើតវិញ ពាក់ព័ន្ធករណី លួចស្នាក់នៅ ធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ក្រុមជនអន្តោប្រវេសន៍ជនជាតិវៀតណាមទាំងនេះ ត្រូវបានបណ្តេញចេញពីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ២១នាក់ ស្រី០២នាក់ ឱវិលទៅប្រទេសកំណើតរបស់ពួកគេវិញ។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមណ្ឌលអប់រំកែប្រែទី១ ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង៕