2024-07-08 04:07
191

បន្ទាយមានជ័យ៖     អភិបាលខេត្តនិងអភិបាលស្រុក ក្រុងបានចុះពិនិត្យផ្លូវនិងការដ្ឋានស្ថាបនាផ្លូវនានាជាបន្តបន្ទឆប់ក្នុងភូមិសាស្ត្រខ្លួនជាឆ្លើយតបសំណូមពរពលរដ្ឋនិងតម្រូវការចាំបាច់របស់មូលដ្ឋាន ។

មន្ត្រីក្រុមការងារចុះជួយក្រុង ស្រុកអោយដឹងកាលពីថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២៤   លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុង និងអភិបាលរងក្រុង ក្រុមប្រឹក្សាក្រុង និងមន្រ្តីរាជការក្នុងរដ្ឋបាលក្រុង បាន : ១-ពិនិត្យការត្រួសត្រាយផ្លូវ ដើម្បីចាក់បេតុងមួយខ្សែ ពីផ្លូវជាត់លេខ៥៦ ដល់សាលារៀនខ្មែរ ចិនផីឆឹង នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ  ក្រុងសិរីសោភ័ណ ។      
                             
២- ពិនិត្យការជួសជុលផ្លូវមួយខ្សែពីសង្កាត់ព្រះពន្លាដល់សង្កាត់កោះពងសត្វ
៣-ពិនិត្យផ្លូវកៅស៊ូប្រភេទDBST មួយខ្សែ ពីមណ្ឌលសុខភាពភ្នៀតទៅ ផ្លូវជាតិលេខ៦ សាលាក្រៅ នាសង្កាត់ភ្នៀត ។
៤-បើកផ្លូវប្រឡាយហ៊ុយ ឡេង ភ្ជាប់មកផ្លូវលេខ៥៦A ចំណុចព្រំប្រទល់ភូមិ២ និងភូមិពង្រ សង្កាត់កំពង់ស្វាយ។

ចំណែកនៅស្រុកមង្គលបូរី លោកអភិបាលខេត្ត អមដំណើរដោយលោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកបានចុះពិនិត្យ គម្រោងស្ថាបនាផ្លូវ DBST ភ្ជាប់ពីភូមិផាស៊ីស្រា ភូមិអញ្ចាញ មកដល់អូរតាគល់ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។

សូមបញ្ជាក់ថា ពលរដ្ឋនិងអ្នកពាក់ព័ន្ធបានស្នើសុំអោយអាជ្ញាធរនិងក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធស្ថាបនា ជួសជុល កែលម្អ ផ្លូវ ប្រឡាយនានាដើម្បីពួកគេមានភាពងាយស្រួលក្នុងការធ្វើដំណើរនិងដឹកជញ្ជូន  ក៏ដូចជាបម្រើជីវភាពនិងតម្រូវការផ្សេង ។

លោក   រ័ត្ន ដាស៊ីណង់  អភិបាលស្រុកមង្គលបូរីបានអោយដឹងថា: នៅឃុំប្ញស្សីក្រោកជាទីរួមស្រុកមង្គលបូរីនេះ  ក្រសួងនិងអាជ្ញាធរបាននឹងកំពុងសម្រុកធ្វើផ្លូវបេតុងនិងផ្លូវកៅស៊ូដើម្បីលើកសម្រស់សោភ័ណភាពនិងបង្កលក្ខណ:ងាយស្រួលដល់ពលរដ្ឋក្នុងការធ្វើដំណើរនិងការដឹកជញ្ជូន៕