ភ្នំពេញ៖ ស្របពេលដែល ទឹកទន្លេមេគង្គ មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យតំបន់មួយចំនួន នៅភាគខាងលើនៃទន្លេមេគង្គ ទទួលរងនូវការជន់លិច ផ្ទះសម្បែងប្រជាពលរដ្ឋ ចំណែក នៅប៉ែកខាងក្រោម អាជ្ញាធរបាននិងកំពុងតែយកចិត្តទុកដាក់ចុះពិនិត្យមើលពីស្ថានភាពទឹកទន្លេមេគង្គជាប្រចាំដើម្បី ត្រៀម ជួយសង្គ្រោះប្រជាពលរដ្ឋប្រសិនបើករណីមានការកើនឡើងជាគំហុក ។
ដោយឡែក អាជ្ញាធរខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ បាន ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងមួយចំនួន ដែល ជាកន្លែង សម្រាប់រំដោះទឹក និងតំបន់ងាយរងគ្រោះដោយទឹកជំនន់ ។ ក្នុងការចុះពិនិត្យស្ថានភាពទូទៅ តាមព្រែកសម្រាប់រំដោះទឹកជំនន់ចេញពី ភូមិប្រជាពលរដ្ឋនេះដែរ លោកអភិបាលបានដឹកនាំមន្ត្រីចុះទៅមើល ចំណុចព្រែកតាអែវ ដែលជាព្រែកដ៏មានសារៈសំខាន់សម្រាប់ រំដោះទឹក ចេញពីការជន់លិចលំនៅឋានប្រជាពលរដ្ឋចូលទៅអាងទឹកបឹងធំស្រុកកៀនស្វាយនឹងទៅពិនិត្យមើលព្រែកអ្នកតាវាំងនៅព្រំប្រទល់រវាងសង្កាត់ព្រែកថ្មី និងឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល ។
ព្រែកនេះក៏ជាព្រែកដ៍សំខាន់មួយក្នុងការរំដោះទឹក ជំនន់កំអោយជនលិចលង់ផ្ទះប្រជាពលរដ្ឋ ។ បន្ទាប់មកលោកអភិបាលបានចុះមកពិនិត្យពីស្ថានភាពទូទៅនៃតំបន់ ទីក្រុងកោះនរាដែលប៉ុន្មានថ្ងៃកន្លងមកនេះទឹកទន្លេមេគង្គមានការកើនឡើង បណ្ដាលឲ្យលិចចំណុចខ្លះនៃច្រាំងទន្លេតំបន់ទីក្រុងកោះនរា ។
ក្នុងការចុះពិនិត្យ តាមព្រែកនិងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់នេះដែរ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំឲ្យមន្ត្រី ពាក់ព័ន្ធ ត្រូវសហការជាមួយអាជ្ញាធរសង្កាត់ ដើម្បីតាមដានជាប្រចាំពីស្ថានភាពទឹក និង ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋកុំយកសំរាមនិងកាកសំណល់ផ្សេងៗទៅបោះចោលក្នុងប្រព័ន្ធព្រែកប្រឡាយដែលជា ផ្លូវទឹកសម្រាប់រំដោះទឹកជំនន់កុំឲ្យលិចភូមិនិងផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ៕