2024-09-28 01:09
59

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរបក្សស្រុកអូររាំងឪ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា អមដំណើរដោយតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានអញ្ជើញទទួលជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងប្រធានភូមិ ចំនួន២១១នាក់ មកពីទូទាំងស្រុកអូររាំងឪ ក្នុងខេត្តត្បូងឃ្មុំ។

នៅក្នុងឪកាសនោះលោក នួន ស៊ុង សមាជិកក្រុមប្រឹក្សាស្រុកអូររាំងឪ បានធ្វើសេចក្តីរាយការណ៍ពីសកម្មភាពដែលស្រុក-ឃុំ-ភូមិ សម្រេចបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានធានា ថែរក្សាការពារ និងពង្រឹងឱ្យកាន់តែរឹងមាំ តាមរយៈការជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” យ៉ាងសកម្ម ធ្វើឱ្យបទល្មើសគ្រប់ប្រភេទមានការថយចុះជាបន្តបន្ទាប់ និងប្រជាពលរដ្ឋរស់នៅមាន សេចក្តីសុខក្សេមក្សាន្ត ព្រមទាំងធានាបាននូវសុវត្ថិភាពក្នុងដំណើរការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក កន្លងទៅនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។

មានមតិសំណេះសំណាលទៅកាន់អង្គពិធីឯកឧត្តម វង សូត បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារគណបក្សស្រុកអូររាំងឪទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការនាំយកជ័យជំនះជូនគណបក្ស។ ឯកឧត្តមបានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ មានប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារហូតដល់ ៨២% ដែលលទ្ធផលនៃការបោះឆ្នោតនេះ បានបង្ហាញអំពីជំនឿទុកចិត្តរបស់ប្រជាជនមកលើគណបក្សប្រជាជន             កម្ពុជា ក៏ដូចជាការផ្តល់ឱកាសជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តវេនដឹកនាំជារាជរដ្ឋាភិបាល នីតិកាលទី៧។

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានជម្រាបជូន អំពីលទ្ធផលការងាររបស់រដ្ឋសភាក្នុងនីតិកាលទី៧ រយៈពេលមួយឆ្នាំ ស្របពេលដែលរដ្ឋសភាកំពុងធ្វើកំណែទម្រង់ស្ថាប័នយ៉ាងយកចិត្តទុកដាក់ ដោយផ្តោតលើអភិបាលកិច្ចល្អ និងប្រែក្លាយខ្លួនទៅជាសភាឌីជីថល តាមការណែនាំ និងដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមមានប្រសាសន៍បញ្ជាក់ផងដែរថា ក្នុងរយៈពេល១ឆ្នាំមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក៏បានសម្រេចនូវលទ្ធផលការងារល្អប្រសើរ និងទទួលបានសមិទ្ធផលជាច្រើន ព្រមទាំងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ក្នុងនោះមានដូចជាការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេចបានគោលដៅឆ្នាំ២០៥០ ក្លាយទៅជាប្រទេសមានចំណូលខ្ពស់ និងការអនុវត្តគម្រោងជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាគឺ ព្រែកជីកហ្វូណនតេជោ ជាដើម។

ក្នុងឱកាសនោះដែរឯកឧត្តម វង សូត បានមានប្រសាសន៍លើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសពីការសម្រេចបញ្ចប់ការចូលរួម ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម។ ប៉ុន្តែមិនមែនមានន័យថា យើងឈប់អភិវឌ្ឍន៍នៅតាមព្រំដែននោះទេ យើងនៅតែអភិវឌ្ឍន៍នៅតាមព្រំដែន តែយើងអភិវឌ្ឍដោយខ្លួនឯង។

ជាមួយគ្នានោះ ឯកឧត្តមក៏បានផ្តាំផ្ញើឲ្យក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ត្រូវបន្តសហការគ្នាឲ្យបានស្អិតរមួត ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកសមាជិកគណបក្ស ឆ្ពោះទៅរកជ័យជំនះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតខាងមុខតទៅទៀត។ ជាពិសេស ឯកឧត្តមបានណែនាំដល់ក្រុមការងារឱ្យបន្តយកចិត្តទុកដាក់ក្នុងការតាមដានការងារនយោបាយ សតិអារម្មណ៍សមាជិកបក្ស និងប្រជាពលរដ្ឋក្នុងមូល           ដ្ឋាន។ និងបានឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមេភូមិចំនួន២១១នាក់ ក្នុងម្នាក់ទទួលបាន ថវិកា១០០,០០០ រៀល និងឧបត្ថម្ភដល់មន្ទីបក្សស្រុកអូររាំងឪចំនួន២,០០០,០០០ រៀលផងដែរ៕