តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការចូមរួមសហការពី នាយកដ្ឋានព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបករណី៖ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, ប្រើប្រាស់អាវុធគ្រឿងផ្ទុះដោយខុសច្បាប់ (កែឆ្នៃ) និងប្រើប្រាស់នូវសារធាតុញៀន» (សំបកគ្រាប់ ចំនួន ០៧ គ្រាប់,ក្បាលគ្រាប់ជ័រ ពណ៌ខ្មៅ ០១ និងដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក ០១) ដែលកើតហេតុនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១២និង៤៤នាទីនៅចំណុច កាស៊ីណូ «ថ្មពេជ្រ» ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល។
តាមរបាយរបស់នគរបាលបានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍បាញ់រះនោះ មានឈ្មោះ ចៅ រិន ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ មានទីលំនៅភូមិក្អមសំណក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល រងរបួសស្រាល ស្មាដៃខាងឆ្វេង។
នគរបាលបានបន្ថែមថា ជនសង្ស័យមានគ្នា ចំនួន ០៦ នាក់ សមត្ថកិច្ចឃាត់ខ្លួនបាន ចំនួន ០៣នាក់ គេចខ្លួន០៣នាក់។ ជនសង្ស័យដែលត្រូវចាប់ខ្លួន រួមមាន៖ ទី១៖ ឈ្មោះ មាស អូន ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិ១ ឃុំព្រែកខ្សាយខ ស្រុកពាមរណ៍ ខេត្តព្រៃវែង ជាអ្នករៀបចំចាត់ចែងមធ្យោបាយ។
ទី២៖ ឈ្មោះ តាំង យាំងវៀង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិវៀតណាម ជាជនដៃដល់។ ទី៣៖ ឈ្មោះ ង្វៀង យី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិវៀតណាម ជាអ្នកបើកម៉ូតូ និងជនជាតិវៀតណាម ចំនួន ០៣ នាក់ទៀត បានរត់គេចខ្លួន។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា វត្ថុតាងចាប់យករួមមាន៖ សំបកគ្រាប់ទំហំ ០៩មីលីម៉ែត្រ ចំនួន ០៧ សំបកគ្រាប់, ដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក និងគ្រឿងបង្គំបាក់បែក ០១សម្រាប់, ក្បាលគ្រាប់ជ័រ ពណ៌ខ្មៅ ០១ គ្រាប់ , រថយន្តម៉ាក CAMRRY ពណ៌ទឹកប្រាក់ ស្លាកលេខ 2T-7080, ម៉ូតូម៉ាក YAMAHA Exciter ពណ៌ទឹកប៊ិច ចំនួន ០២ គ្រឿង, ស្លាកលេខវៀតណាម ចំនួន ០២ស្លាក (62-C1 224.19 ,59D2 267.64), មួកការពារសុវត្ថិភាព ចំនួន ០៣, មួកឆាងសាច់ក្រណាត់ ពណ៌ខ្មៅ ចំនួន ០១, អាវក្រៅដៃវែងមានមួក ពណ៌លឿង ក្រឡាការ៉ូចំនួន ០១, លិខិតឆ្លងដែន ឈ្មោះ MEAS AUN ចំនួន ០១។
សភាពរឿងហេតុ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១២និង៤៤នាទី នៅចំណុច កាស៊ីណូ «ថ្មពេជ្រ» ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល មានជនសង្ស័យ ចំនួន ០៤នាក់ បានជិះម៉ូតូ ចំនយន ០២គ្រឿង សង្ស័យម៉ូតូម៉ាក អិចសាយទ័រ ចូលមកខាងមុខកាស៊ីណូ ភ្លាមនោះជនសង្ស័យ០២នាក់ បានដកកាំភ្លើងខ្លីកែច្នៃ ចំនួន ០២ដើម បាញ់ទៅលើសន្តិសុខ ចំនួន ០៦គ្រាប់ បណ្ដាលឲ្យត្រូវរបួសស្រាល លើឈ្មោះ ចៅ រិន (ជាសន្តិសុខយាមខ្លោងទ្វារកាស៊ីណូ) ត្រូវចំស្មាខាងឆ្វេង បន្ទាប់មកក៏បានគប់គ្រាប់បែកដៃ (ជាប្រភេទដែកកេះ មានរូបរាងដូចគ្រាប់បែក) គប់ចូលទៅក្នុងបរិវេណខាងមុខកាស៊ីណូ ថ្មពេជ្រ ភ្លាមនោះជនសង្ស័យបាននាំគ្នារត់ឡើងជិះម៉ូតូ០២គ្រឿង មានគ្នា០៤នាក់ គេចខ្លួនបាត់ស្រមោល។
ក្រោយពីកម្លាំងជំនាញធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានសន្និដ្ឋានវាយតម្លៃ លើករណីនេះ គឺជារឿងទំនាស់ផ្ទៃក្នុងការរកស៊ី មកបង្កការអុកឡុក រំខានការស៊ី មិនចង់ឲ្យដំណើរការបាន។ ចំពោះការប្រើប្រាស់អាវុធ (កែឆ្នៃ) ក្នុងរូបភាពនេះ មិនមែនជាអំពើភេរវកម្មនោះទេ។ឮ
ចំពោះជនសង្ស័យដែលបានឃាត់ខ្លួន កម្លាំងជំនាញកំពុងកសាងសំណុំចាត់ការតាមនីតិវិធី។ រីឯជនសង្ស័យដែលគេចខ្លួន កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ដើម្បីឃាត់ខ្លួនយកមកចាត់ការតាមនីតិវិធី៕