2024-06-25 02:06
220

ខេត្តពោធិ៍សាត់:ដំណាំស្រូវក្នុងដើមរដូវវស្សានេះ ស្រុកក្រុងចំនួន៣ ខេត្តពោធិ៍សាត់ លើផ្ទៃ៣១ហិតា  ត្រូវបានសត្វដង្កូវហ្វូងស៊ីបំផ្លាញ អស់មួយចំនួន តែបានប្រជាកសិករយល់ដឹង និងដោយខាងផ្នែកជំនាញក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជាមួយអាជ្ញាធរខេត្តចុះផ្ទាល់ដូលមូលដ្ឋានដើម្បីពន្យល់ធ្វើការទប់ស្កាត់បានទាន់ពេលវេលា នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២២៤ ស្ថិតក្នុងចំណុចបឹងអ៊ំប៉ង ភូមិត្បែងជ្រុំ ឃុំតកនោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យផ្ទាល់ដើម្បីត្រួតពិនិត្យនិងអន្តរាគមន៍ជួយសង្គ្រោះទាន់ពេល។ ពាក់ព័ន្ធករណីដង្កូវហ្វូងស៊ីដំណាំស្រូវនេះ លោកបានអំពាវនាវដល់ប្រជាកសិករទាំងអស់ សូមចុះពិនិត្យស្រែជាប្រចាំដោយសារបច្ចុប្បន្ននេះស្ថិតក្នុងដំណាក់កាល នៃការផ្ទុះដង្កូវហ្វូងនៅឡើយ ប្រជាកសិករបានកំពុងជួបប្រទះដង្កូវហ្វូងនេះនៅក្នុងស្រែរបស់លោកអ្នក ឬក៏ស្រែអ្នកដទៃ កំពុងតែវាយបំផ្លាញដំណាំស្រូវ សូមរាយការណ៍ឬធ្វើការទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬផ្ដល់ព័ត៌មានដល់មន្ត្រីកសិកម្ម នៅតាមឃុំសង្កាត់-ស្រុក-ក្រុង-ខេត្ត ដើម្បីជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬវិធីសាស្ត្រនៃការជ្រើសរើសថ្នាំកសិកម្មសម្រាប់បាញ់កម្ចាត់ដង្កូវនោះឱ្យទាន់ពេលវេលា។
ជាមួយគ្នានេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមសហការគ្នា ក្នុងការទប់ស្កាត់ការស៊ីបំផ្លាញដំណាំស្រូវដោយសត្វល្អិត ដង្កូវហ្វូងនេះ ក៍ដូចជានៅតំបន់ផ្សេងទៀត និងសូមចាត់វិធានការភ្លាមៗ ដោយបាញ់ថ្នាំសម្លាប់សត្វដង្កូវនេះ ធ្វើយ៉ាងណាទប់ស្កាត់បន្តកុំឱ្យរាលដាលដល់បណ្តាឃុំដទៃទៀត។ ក្នុងនោះលោកអភិបាលខេត្ត បានណែនាំដល់មន្រ្តីជំនាញក្នុងការផ្សព្វផ្សាយដល់ពលរដ្ឋឱ្យត្រៀមលក្ខណៈទិញថ្នាំសម្លាប់សត្វស្អិត ដង្កូវ បាញ់ទៅលើដំណាំស្រូវរបស់ខ្លួនឱ្យបានត្រឹមត្រូវ តាមស្តង់ដារបច្ចេកទេស។

សូមបញ្ជាក់ថា:  ដង្កូវហ្វូងដែលបំផ្លាញដំណាំស្រូវប្រជាកសិករនេះកើតមានឡើងរយះពេល៧ទៅ៨ថ្ងៃមកហើយ មានចំនួន៣ស្រុកក្រុង នៅក្នុងខេត្ដពោធិ៍សាត់គឺទី១នៅស្រុកភ្នំក្រវាញក្នុងឃុំសន្រ្ទែ ទី២នៅក្នុងក្រុងពោធិ៍សាត់ ក្នុងសង្កាត់ចំរើនផលនិងសង្កាត់រលាប ទី៣ នៅក្នុងស្រុកក្រគរមានបីឃុំគឺឃុំឈើតុំ.ឃុំស្វាយស និងឃុំត្នោតជុំ ដែលទទួលរងការបំផ្លាញដោយសត្វដង្កូវហ្វូងនេះ លើផ្ទៃដីដំណាំស្រូវសរុបចំនួន៣១ហិតា តែត្រូវបានប្រជាកសិករអាជ្ញាធរមូលដ្ឋាននិងមន្រ្តីជំនាញកសិកម្មទប់ស្កាត់បានទាន់ពេលវេលា៕ លាន គ្រន