ភ្នំពេញ៖ មន្ត្រីយោធាស័ក្តិម្នាក់ នៃក្រសួងការពារជាតិ ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពដឹកនារីរងគ្រោះម្នាក់ ចេញពីកន្លែងផឹកស៊ី ដល់កន្លែងស្ងាត់ម្តុំមជ្ឈមណ្ឌល OCIC បានចាប់រំលោភរហូតបានសម្រេច រួចដឹកយកទៅទម្លាក់ចោរ និងបានបើករថយន្តគេចខ្លួនបាត់។
តាមប្រភព័ត៌មាន បានឱ្យដឹងថា មន្ត្រីយោធាជាប់ចោទ មានឈ្មោះ កែវ សកល ហៅ ទី ឋានន្តរសក្តិថ្នាក់វរសេនីយ៍ឯក បម្រើការងារនៅក្រសួងការពារជាតិ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីល្ងាច ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ ក្រោយមន្ត្រីយោធារូបនេះ បានដើរចូលទៅសារភាពនៅអធិការដ្ឋានខណ្ឌជ្រោយចង្វារដោយខ្លួនឯង បន្ទាប់រូបភាពរបស់ខ្លួនបានបង្ហោះចែកចាយពាសពេញបណ្តាញសង្គមរួចមក។
របាយការណ៍ប៉ូលិស បានឱ្យដឹងថា៖ កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ មន្ត្រីយោធាម្នាក់ បានបើករថយន្ត ០១គ្រឿង ពាក់ស្លាកលេខខេមរៈភូមិន្ទ ដឹកនារីម្នាក់ ដែលទើបនឹងស្គាល់គ្នាតាមប្រព័ន្ធតេឡេក្រាម ទៅដើរលេង និងផឹកស៊ី និងធ្វើសកម្មភាពរំលោភសេពសន្ថវៈនៅលើរថយន្តបានសម្រេច ត្រង់ចំណុចផ្លូវបេតុង OCIC ក្នុងភូមិដើមគរ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ ក្រោយចាប់រំលោភបានសម្រេចរួចរាល់ មន្ត្រីយោធាស័ក្តិ៥ បានដឹកជនរងគ្រោះត្រឡប់មកវិញ និងទម្លាក់ចោលរួចក៏បើករថយន្តគេចខ្លួនបាត់តែម្តង។
តាមនារីវ័យក្មេងរងគ្រោះ បានរៀបរាប់ក្រុមអ្នកសារព័ត៌មានក្នុងការឡាយថា៖ មុនពេលកើតហេតុរូបនាង និងមិត្តភក្ដិ ចំនួន ០៣នាក់ ទៀតស្គាល់គ្នាជាមួយបុរសម្នាក់ តាមប្រព័ន្ធតេឡេក្រាម និងបានបបួលគ្នាមកផឹកស្រាក្រឡុកនៅត្រើយម្ខាងម្ដុំរង្វង់មូលនាងទេពមច្ឆា រហូតដល់យប់ជ្រៅ ភាគីបុរសបានបបួលនាងឱ្យឡើងជិះរថយន្ត ដើម្បីទៅរកទិញម្ជូរក្លែមនៅម្តុំវត្តភ្នំ ប៉ុន្តែបានបើកររថយន្តដឹកនាំទៅរកកន្លែងស្ងាត់មនុស្ស ធ្វើសកម្មភាពបង្ខំចាប់នាងរំលោភរហូតបានសម្រេច។
នារីស្រស់ស្អាតក្លាយជាចំណីតណ្ហារបស់មន្ត្រីយោធាសង្ហា បានរៀបរាប់ទៀតថា ក្រោយពីបានរំលោភរួមរាល់បុរសរូបនោះ បានបើករថយន្តដឹកនាងត្រលប់មកទីតាំងអង្គុយផឹកស៊ីវិញ ទើបនាងនិយាយរឿងរ៉ាវប្រាប់មិត្តភក្តិ បានផ្ទុះការប្រកែកតឹងសរសៃកដាក់គ្នា ក៏ដឹកពួកខ្លួនទាំង០៤នាក់យកទៅទម្លាក់ចោលនៅម៉ាត 7-Eleven ក្បែរស្ពានអាកាស៥មករា និងបានបើករថយន្តគេចខ្លួនបាត់តែម្តង។ បន្ទាប់ក្រុមយុវតីរងគ្រោះបានរាយការណ៍ និងផ្ដល់កិច្ចសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន និងបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវវែកមុខរកជនសង្ស័យយកមកផ្តន្ទានទោសតាមផ្លូវច្បាប់។
លុះរហូតដល់នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ ជនសង្ស័យដែលរងការចោទប្រកាន់នារីរងគ្រោះបានដើរចូលមកអធិការនគរបាលខណ្ឌសារភាពទង្វើរបស់ខ្លួន និងត្រូវបានឃាត់កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕