2024-08-05 04:08
245

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀតរបស់ វឌ្ឍនៈ គ្រុប ដឹកនាំដោយ អ្នកឧកញ៉ា សំអាង និងអ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ សិល្បៈករ សិល្បៈការីនី កីឡាករគុនខ្មែរ ចូលរួមប្រារព្ធពិធីទូងស្គរ អបអរសាទរការបើកការដ្ឋានសាងសង់ «គម្រោងព្រែកជីកហ្វូណនតេជោ» ស្ថិតនៅពីមុខអគារពាណិជ្ជកម្មដ៏ស្កឹមស្កៃ វឌ្ឍនៈ កាពីតាល។

សហហស្ថាបនិក ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក្នុងនាមជាក្រុមហ៊ុនរបស់ខ្មែរ មានម្ចាស់ភាគហ៊ុន ជាជនជាតិខ្មែរ វឌ្ឍនៈ គ្រុប ពិតជាមានមោទនភាពចំពោះដំណើរបោះជំហានជាប្រវត្តិសាស្រ្ត នៃការចាប់ផ្តើមគម្រោងព្រែកជីកហ្វូណនតេជោដ៏អស្ចារ្យនេះ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

ក្រោមការដឹកនាំបន្តដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម្ត្រីបន្តវេន វឌ្ឍនៈ គ្រុប ជឿជាក់យ៉ាងមុតមាំថា៖ «ដំណើរការនៃការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង ១៨០គីឡូម៉ែត្រ កាត់ខេត្តចំនួន រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប នឹងបញ្ចប់ទៅដោយជោគជ័យ ហើយនាំមកនូវឧត្តមភាពផ្នែកសេដ្ឋកិច្ចដ៏ធំធេងដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល»។

 លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ «ចំពោះតម្រាយផ្លូវទឹកនេះ ដែលត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ, មុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ, ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ ចំនួន ០២គន្លង ដែលអាចអនុញ្ញាតឱ្យនាវាមានទម្ងន់ ១០០០DWT បើគិតតាមស្តង់ដាររបស់គណៈកម្មការទន្លេមេគង្គ និងរហូតដល់ ៣០០០DWT ប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ខាងមុខ ប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន់តេជោ គឺជាការវិនិយោគរួមគ្នា រវាងសហគ្រាសសាធារណៈ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ហើយការវិនិយោគនេះ នឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)៕