ភ្នំពេញ៖ ក្នុងឱកាសនៃជំនួប នារសៀលថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម Kihara Minoru រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន បានគោរពជម្រាបជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្ការវាងក្រសួងការពារជាតិ នៃប្រទេសជប៉ុន និងកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន បានគូសបញ្ជាក់ថា៖ «ក្នុងក្របខ័ណ្ឌនៃ"ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយនឹងកម្ពុជាបន្ថែមទៀត រួមទាំងក្នុងវិស័យការពារជាតិ និងសន្តិសុខ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរ។
សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រី ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោក ជើងទឹក និងជើងអាកាស។ កិច្ចសហការទាំងនោះនឹងផ្តោតលើការផ្លាស់ប្តូរទស្សនកិច្ច, ការបណ្តុះបណ្តាល, ការបោសសម្អាតមីនមនុស្សធម៌ និងលំហាត់រួមលើការសង្គ្រោះគ្រោះមហន្តរាយ ជាដើម៕