ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការ ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានរួបរួមគ្នាជាចលនាជាតិប្រកបដោយស្មារតីជាតិនិយមលើសលប់ និងយល់ច្បាស់អំពីអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់ជាតិ តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោ ជាប្រវត្តិសាស្រ្តនេះ។
មានប្រសាសន៍នៅក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងមួយដ៏ធំមហិមា និងមានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត រួមទាំង ពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាព នៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់»។
នៅក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានរំឭកអំពីប្រវត្តិសាស្ត្រ «ព្រែកជីកហ្វូណនតេជោ» នេះគឺជាផ្លូវទឹកមួយក្នុងចំណោមផ្លូវទឹកចំនួនបីខ្សែ ដែលបុព្វបុរសខ្មែរយើងបានជីក និងប្រើប្រាស់ ដើម្បីដឹកជញ្ជូនកសិផល និងអ្នកដំណើរ តភ្ជាប់ការធ្វើពាណិជ្ជកម្មពីតំបន់នានានៅក្នុងប្រទេស ជាមួយបណ្ដាប្រទេសជាច្រើនក្នុងតំបន់ និងពិភពលោក ដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងធ្វើឱ្យអាណាចក្រខ្មែរនាសម័យនោះ ក្លាយជាមហាអំណាចដ៏មានឥទ្ធិពលនៅក្នុងតំបន់អាស៊ី។ ពីរពាន់ឆ្នាំក្រោយមក, នៅថ្ងៃនេះ យើងមានមោទនភាពក្នុងនាមកូនខ្មែរជាអ្នកជំនាន់ក្រោយ ដែលបានយកលំនាំនៃចក្ខុវិស័យរបស់ដូនតាយើងនាសម័យកាលដ៏រុងរឿង ធ្វើព្រែកជីកនេះឡើងវិញ ដែលមានប្រវែងរហូត ១៨០ គីឡូម៉ែត្រ និងទទឹង ១០០ ម៉ែត្រ ដែលតភ្ជាប់ពីរាជធាភ្នំពេញទីកាន់កំពង់ផែរសមុទ្រអន្តរជាតិ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា៖ «គម្រោងព្រែកជីហ្វូណន់តេជោ ជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យ និងការសម្រេចចិត្តសាងសង់ ព្រែកជីកហ្វូណនតេជោនេះ បង្ហាញអំពីការដឹកនាំប្រកបដោយទស្សនវិស័យ និងការហ៊ានធ្វី ហ៊ានទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក្នុងបុព្វហេតុជាតិ ទាំងនាពេលបច្ចុប្បន្ន និងអនាគត។ ការសាងសង់ ព្រែកជីកហ្វូណនតេជោ នាពេលនេះ ក៏ជាសក្ខីភាពយ៉ាងច្បាស់មិនអាចបំភ្លៃបាន។ កម្ពុជាមានសុខសន្តិភាព ឯកភាពជាតិ និងសេរីភាពពេញលេញ ក្នុងការកំណត់ជោគវាសនារបស់ខ្លួន ដោយខ្លួនឯង និងដែលមានការគាំទ្រពីប្រជាពលរដ្ឋគ្រប់ស្រទាប់នៃសង្គម ហើយកម្ពុជា ក៏នឹងមិនរាថយឡើយ ក្នុងការការពារ និងកសាងប្រទេស ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនរបស់ខ្លួន»។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តម និងវិសេសវិសាលនេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឧទ្ទិសសមិទ្ធផលនេះជូនដល់បុព្វបុរសខ្មែរគ្រប់ជំនាន់ទាំងអស់ ដែលបានកសាងអាណាចក្រខ្មែរដ៏ល្បីល្បាញ និងបន្សល់កេរមត៌កតជំនាន់រហូតមកដល់សព្វថ្ងៃ ដូចជាថ្វាយព្រះបរមរតនកោដ្ឋ «ព្រះបិតាឯករាជ្យជាតិ» ដែលបានទាមទារឯករាជ្យ និងរំដោះប្រជាពលរដ្ឋខ្មែរ ពីនឹមអាណានិគមបរទេស, ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលបានគង់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជានុរាស្រ្ត, ជូនឥស្សរជន និងវីរជនសេ្នហាជាតិទាំងអស់ ដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «បិតាសន្តិភាព» ដែលជាអគ្គមគ្គុទេសក៍ឯកនៃនយោបាយ “ឈ្នះ-ឈ្នះ” ដែលនាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង និងជាស្ថាបនិកផ្តួចផ្តើម គម្រោងព្រែកជីកហ្វូណនតេជោ ព្រមទាំងអរគុណដល់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការ ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានរួបរួមគ្នាជាចលនាជាតិប្រកបដោយស្មារតីជាតិនិយមលើសលប់ និងយល់ច្បាស់អំពីអត្ថប្រយោជន៍ ដ៏មហាសាលសម្រាប់ជាតិ តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោ ជាប្រវត្តិសាស្រ្តនេះ៕