2024-08-28 11:08
106

ភ្នំពេញ៖ កម្លាំងមានសមត្ថកិច្ចបានឆ្មក់ចូលបង្រ្កាបទីតាំងរក្សាទុក និងចែកចាយអាវុធកែច្នៃបាញ់ប្រហារមួយកន្លែង ចាប់ខ្លួនជនជាតិវៀតណាមម្នាក់ ជាប្រធានក្រុមហ៊ុនដឹកជញ្ជូន CamShip Express ពាក់ព័ន្ធបទល្មើសធ្វើចរាចរណ៍អាវុធកែច្នៃដោយខុសច្បាប់ និងបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារ ដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន។

ជនត្រូវចោទក្នុងបទល្មើសខាងលើ មានឈ្មោះ DO HOANG VIET ភេទប្រុស កើតថ្ងៃទី០១ ខែមករា ឆ្នាំ១៩៨៣ (អាយុ ៤៣ឆ្នាំ) ជនជាតិវៀតណាម សញ្ជាតិវៀតណាម មុខរបរ អ្នកដឹកជញ្ជូនអីវ៉ាន់ ទឹកន្លែងកំណើតនៅប្រទេសវៀតណាម ទីលំនៅមុនពេលឃាត់ខ្លួន ស្នាក់នៅផ្ទះជួលលេខ ១១ ផ្លូវលេខ ៣១ ភូមិសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រធានក្រុមហ៊ុនដឹកជញ្ជូន CamShip Express ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ ពីបទ៖ «ធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ» ដែលប្រព្រឹត្តនៅចំណុច ផ្ទះលេខ ១១ ផ្លូវ ៣១BT ភូមិសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងតាមបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិ មាត្រា ៤៨៩ នៃក្រមព្រហ្មទណ្ឌ និងចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន លេខ ៦៧០៥ “អ” ដ.ព.ស ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ។

ក្រោយពិនិត្យលើសំណុំរឿង និងបើកការស៊ើបសួររួចមក លោក សុខុម សុជាតា ចៅក្រមស៊ើបសួរអមសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទ ឈ្មោះ DO HOANG VIET ជនជាតិវៀតណាម ទៅប្រធានមណ្ឌល អប់រំកែប្រែទី១ (ម១) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ទទួលជននេះ និងឃុំខ្លួនជននេះ ជាបណ្តោះអាសន្ន រហូតដល់មានបទបញ្ជាថ្មី ដែលសម្រេចផ្សេងពីនេះ៕