2024-08-28 12:02
109

ភ្នំពេញ៖ ក្នុងជំនួបរវាង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយលោក Shovgi Mehdizada ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ភាគីទាំងពីរ បានប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសលើវិស័យបរិស្ថាន។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ បានទទួលជួប លោក Shovgi Mehdizada ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ នាឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត និង លោក Shovgi Mehdizada បានគូសបញ្ជាក់ពីការប្តេជ្ញាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អាស៊ែបៃហ្សង់ ឱ្យបានកាន់តែរីកចម្រើនថែមទៀត ដោយក្នុងនោះ មានកិច្ចសហប្រតិបត្តិការមួយចំនួនទាក់ទងនឹងវិស័យបរិស្ថាន ដូចជា ការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងការអញ្ជើញប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលនៃក្របខ័ណ្ឌ អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុ UNFCCC (COP 29) និងកិច្ចការអាទិភាពនានាដែលប្រទេស ទាំងពីរនឹងធ្វើរួមគ្នាជាដើម។ លោក Shovgi Mehdizada ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ លោករដ្ឋមន្រ្តី និងប្រតិភូក្រសួងបរិស្ថាន ទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ែបៃហ្សង់ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចប្រជុំ UNFCCC (COP 29) ព្រមទាំងស្នើសុំការអនុញ្ញាតពី លោកបណ្ឌិត អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារលើវិស័យបរិស្ថាន ជាមួយលោករដ្ឋមន្រ្តីក្រសួងបរិស្ថាន និងធនធានធម្មជាតិ អាស៊ែបៃហ្សង់ផងដែរ។ លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានទទួលស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដើម្បីពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ រវាងប្រទេសទាំងពីរ កម្ពុជា-អាស៊ែបៃហ្សង់ ផងដែរ ដើម្បីកាត់បន្ថយហានិភ័យ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីប្រទេសកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ និងការចូលរួមយ៉ាងសកម្ម ជាមួយពិភពលោកក្រោមការដឹកនាំរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហា ពីការប្រែប្រួលអាកាសធាតុ។ ក្រសួងបរិស្ថាន បានដាក់ចេញ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន អនុលោមជាមួយយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល ដែលបង្ហាញពិភពលោកអំពីសុខសន្តិភាព និងស្ថេរភាពកម្ពុជា បន្ថែមទៅដោយភាពស្អាត ភាពបៃតង និងការអភិវឌ្ឍប្រកបដោយបរិយាប័ន ឈានឆ្ពោះទៅជាប្រទេសអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអព្យាក្រិតកាបូននៅឆ្នាំ២០៥០។ សូមបញ្ជាក់ ឆ្នាំ២០២៤ គឺខួបអនុស្សាវរីយ៍រយៈពេល ៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអាស៊ែបៃហ្សង់ (១៩៩៤-២០២៤) ហើយប្រទេសទាំងពីរ បានប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពង្រីកការគាំទ្រគ្នាទៅវិញទៅមក លើឆាកអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក។ ប្រទេស Azerbaijan នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសិទលើកទី២៩ នៃភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC (COP 29) នៅក្នុអំឡុង ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ៕