2024-08-28 22:59
182

ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា៖ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាផ្លូវការនូវការបង្កើត «មូលនិធិកកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» កាលពីថ្ងៃចន្ទ ទី២៦ ខែសីហាកន្លងមក សង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិកនេះ យ៉ាងច្រើនកុះករ សន្ទុះនៃការគាំទ្រ និងការបរិច្ចាគក្នុងមូលនិធិកនេះ គឺប្រៀបបានដូចទឹកបាក់ទំនប់។

នេះសបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរភាគច្រើនគាំទ្រ និងចង់រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេស ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។

ការឆ្លើយតបទៅក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចរបស់ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបំផុសនូវពាក្យមិនពិតនៅក្រៅប្រទេសពាក់ព័ន្ធការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានធ្វើឡើងនៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖ ទន្ទឹមនឹងនេះ ក៏មានមជ្ឈដ្ឋានប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បានបំផុតព័ត៌មានមិនពិតមួយចំនួន ដោយចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា ប្រហែលជាអស់លុយហើយទើបបានជាមករៃអង្គាសប្រាក់ពីប្រជាពលរដ្ឋក្នុងស្ថានភាពលំបាក ។ល។

ជាការឆ្លើយតបទៅនឹងបញ្ហានេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជូនប្រជាពលរដ្ឋ និងក្រុមប្រឆាំងជ្រុលនិយម ឱ្យបានជ្រាបថា៖ «មូលនិធិកកសាងហេដ្ឋារចនាសម្ព័ននៅតាមព្រំដែន កើតឡើងដោយសារបំណងប្រាថ្នា និងសំណូមរបស់ប្រជាពលរដ្ឋ។ យើងសង្កេតឃើញហើយថា ក្នុងមួយរយៈពេលចុងក្រោយនេះ ក្រុមប្រឆាំងបានចោទប្រកាន់មកលើរាជរដ្ឋាភិបាលកាត់ទឹកដី ចំនួន ០៤ខេត្ត នៅប៉ែកភាគឦសាន ឱ្យទៅប្រទេសជិតខាង ការចោទប្រកាន់ទាំងបំពានបែបនេះ ទើបជំរុញដល់ទឹកចិត្តប្រជាជនទូទាំងប្រទេស ដើម្បីគាំទ្រកិច្ចសហប្រតិបត្តិការគម្រោងអភិវឌ្ឍន៍ (CLV DTA)»។

លោក ប៉ែន បូណា បានបញ្ជាក់ប្រាប់ទៅក្រុមប្រឆាំងជ្រុលនិយម នៅឯក្រៅប្រទេសបន្ថែមទៀតថា៖ «ការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងមូលនិធិកកសាងហេដ្ឋាចរនាសម្ព័ន្ធតាមព្រំដែននេះ មិនមានការបង្ខិតបង្ខំនោះទេ គឺតាមទឹកចិត្ត និងលទ្ធភាពដែលបងប្អូនមាន»។ លោកបានបន្ថែមថា៖ «រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការអភិវឌ្ឍន៍ប្រទេស ជាពិសេសការអភិវឌ្ឍន៍តាមព្រំដែននេះ រាជរដ្ឋាភិបាលបានធ្វើជាយូណាស់មកហើយ ប៉ុន្តែទើបតែពេលនេះ មានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋរដ្ឋាភិបាលបើកឱកាសឱ្យប្រជាពលរដ្ឋចូលរួមគ្រប់ៗគ្នា»។

អ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ថា៖ «ការចោទប្រកាន់បែបនេះ គេធ្លាប់លឺជាច្រើនទសវត្សរ៍មកហើយ ដែលគ្រាន់តែជាពាក្យបោកប្រាស់ ភូតកុហុកដដែលៗតែប៉ុណ្ណោះ និងបានធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមបាត់បង់ការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកាន់តែឯកកោទៅៗ ខណៈរាជរដ្ឋាភិបាលកាន់តែអភិវឌ្ឍន៍កាន់តែខ្លាំងទៅមុខ និងទទួលបានការគាំទ្រកាន់តែខ្លាំង»៕