ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធីជួបជុំគ្រួសារបរិស្ថាន ដើម្បីពិនិត្យលើលទ្ធផលឆ្នាំទី១ និងទិសដៅឆ្នាំទី២ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាលពីរសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបន្តអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» សំដៅដល់ការទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា៖ នៅក្នុងរយៈពេល១ឆ្នាំ កន្លងមកនេះ យើងបានទទួលជោគជ័យដោយមនុស្សជាង ៩,៥ លាននាក់ បានចូលរួម និងបានប្តេជ្ញាចិត្តប្រើថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃក្នុង១សប្តាហ៍ និងពង្រីកចលនា «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលតម្រូវឱ្យមានការចូលរួមចំណាយពេល ដើម្បីសម្អាត ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ។ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការជាបន្តបន្ទាប់ សំដៅធ្វើយ៉ាងណាឱ្យផ្ទះយើង សង្គមយើង ប្រទេសយើងមានភាពស្អាត។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបន្ថែមថា៖ «ក្រសួងបរិស្ថាន បាននឹងកំពុងប្រែក្លាយពីចលនាធ្វើឱ្យកម្ពុជាស្អាត ចេញពីយុវជន កុមារៗ ទៅជាទម្លាប់គឺ “ទម្លាប់ស្អាត កម្ពុជាស្អាត” ដែលជាការអនុវត្តចេញពីបេះដូងរបស់សាធារណជន។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីបរិស្ថានទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នា ក្នុងរយៈពេល១ឆ្នាំកន្លងមក ដោយសម្រេចលទ្ធផលគួរជាទីមោទនៈ និងសូមរួមគ្នាបន្តអនុវត្តសសរស្តម្ភ “ភាពស្អាត ភាពបៃតង និងចីរភាព” នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន»។
នៅក្នុងភាពស្អាតលើដី ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីបរិស្ថានទាំងអស់ បន្តសហការជាមួយអាជ្ញាធរគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ សិស្សានុសិស្ស យុវជន ព្រះសង្ឃ កម្មករកម្មការិនី និងប្រជាពលរដ្ឋ ដើម្បីអនុវត្តយុទ្ធនាការរបស់ ក្រសួងបរិស្ថាន ឱ្យទៅជាចលនា និងប្រែក្លាយឱ្យទៅជាទម្លាប់ នៅក្នុងពេលខាងមុខ។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ពីការយកចិត្តទុកដាក់ លើការសំអាតសំរាមប្លាស្ទិក នៅតាមដងផ្លូវនានា ដើម្បីផ្ទះស្អាត ជុំវិញផ្ទះស្អាត តាមដងផ្លូវស្អាត។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្ត ឱ្យរៀបចំផ្តល់រង្វាន់លើកទឹកចិត្តដល់ក្រុង ស្រុកណា ដែលគ្មានសំរាមប្លាស្ទិកហើរតាមផ្លូវ ហើយជាពិសេស គឺប្តេជ្ញារួមសហការគ្នា សំអាតបរិស្ថាន សំរាមប្លាស្ទិក ឱ្យអស់ពីផ្លូវនៅក្នុងឆ្នាំ២០២៥។ នៅក្នុងពេលខាងមុខ ក្រសួងបរិស្ថាន នឹងរៀបចំគិតគូរដាក់ចេញនូវយុទ្ធនាការញែកសំរាម ក្នុងនោះ មានកម្មវិធីចែកធុងសំរាម តាមសាលារៀន វត្តអារាម មណ្ឌលសុខភាព ទីសាធារណៈ ។ល។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ចាក់ថា៖ «យុទ្ធនាការជំហានបន្ទាប់ គឺសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចេះទុកដាក់សំរាមក្នុងធុងសំរាម និងចេះញែកសំរាមប្លាស្ទិក ជាពិសេសអនុវត្តវិធានការ៤R (កាត់បន្ថយ ប្រើប្រាស់ឡើងវិញ បដិសេធ និងកែច្នៃជារបស់ប្រើប្រាស់)។ លើសពីនេះ ក្រសួងបរិស្ថាននឹងពង្រឹងបន្ថែមលើគុណភាពបរិស្ថានប្រកបដោយប្រសិទ្ធ ជាពិសេស ហេដ្ឋារចនាសម្ប័ន្ធទីលានទុកដាក់សំរាម ប្រកបដោយគុណភាព»៕