2024-08-29 03:08
128

ភ្នំពេញ៖     ប្រជាពលរដ្ឋចំនួន១០៥ គ្រួសារ ដែលបានទិញដីឡូត៍ និងកំពុងរស់នៅក្នុងគម្រោង អ៊ុក សឿន បាននាំផ្ទុះការតវ៉ាជាមួយម្ចាស់គម្រោងពាក់ព័ន្ធបញ្ហាផ្លូវមួយខ្សែរក្នុងគម្រោង ត្រូវបានម្ចាស់គម្រោងព្យាយាមបោះបង្គោងបិទមិនឱ្យអថិជនចេញ-ចូលតាមផ្លូវនោះ ដើម្បីយកដីផ្លូវនេះលក់ទៅអ្នកផ្សេងបានតម្លៃខ្ពស់ ប៉ុន្តែការតវ៉ាជាច្រើនលើកកន្លងមកនេះគ្មានលទ្ធផលឡើយ អាជ្ញាធហាក់ប្រងើយកន្តើយគ្មានជំហរក្នុងការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ។

ទំនាស់រឿងផ្លូវធ្វើដំណើរក្នុងគម្រោងដីឡូត៍ មានទីតាំងស្ថិតក្នុងភូមិត្រពាំងរំចេក ក្រុម៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលម្ចាស់គម្រោងមានឈ្មោះ អ៊ុក សឿន ដោយក្រុមប្រជាពលរដ្ឋជាអតិថិជនទិញដីក្នុងគម្រោង ទាមទារឱ្យមានការបើកផ្លូវក្នុងគម្រោងស្របតាមប្លង់កម្មសិទ្ធិស្របច្បាប់ (ប្លង់រឹង) ដែលបានបញ្ជាក់ថា ជា «ដីផ្លូវ» ប៉ុន្តែម្ចាស់គំរោងដីឡូត៍កំពុងបំពានចង់រំលោភយកផ្លូវនេះ ដោយព្យាយាមដាំបង្គើលបិទផ្លូវមិនឱ្យជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ទៅមកបាន។

លោក សែន សុធិ  និងអ្នកស្រី ដួង ស្រីវិន ដែលជាតំណាងប្រជាពលរដ្ឋ ចំនួន ១០៥ គ្រួសារ ដែលសុទ្ធជាអ្នកអថិជនទិញដីឡូត៍ពីគម្រោងមានម្ចាស់ឈ្មោះ អ៊ុក សឿន បានថ្លែងថា៖ «ម្ចាស់គម្រោងបានបំពានចង់រំលោភយកដីផ្លូវក្នុងគម្រោងមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ឬយកទៅលក់ឱ្យអ្នកផ្សេងក្នុងតម្លៃខ្ពស់ ទើបពួកគាត់ទាំង ១០៥ គ្រួសារផ្ទុះការតវ៉ា និងបានដាក់ពាក្យបណ្តឹងចូលទៅអាជ្ញាធរសង្កាត់ចោមចៅទី១ ដើម្បីស្នើអន្តរាគមន៍ និងស្វែងរកដំណោះស្រាយជូនពលរដ្ឋ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ អាជ្ញាធរសង្កាត់ចោមចៅទី១ បានចេញលិខិតអញ្ជើញ ភាគីទាំងសងខាងមកធ្វើការសម្របសម្រួលរកដំណោះស្រាយ ប៉ុន្តែជាលទ្ធផលនៃការសម្របសម្រួល ចំនួន ០៣ លើក លើកទី១៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤, លើកទី២៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ និងលើកទី៣៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ គ្មានទទួលផ្កែផ្កាអ្វីឡើយ»។ 

តំណាងប្រជាពលរដ្ឋ បានឱ្យដឹងទៀតថា ការសម្របសម្រួលនៅសង្កាត់ចោមចៅទី១ទាំងបីលើក លទ្ធផល គឺភាគីទាំងសងខាងមិនឯកភាពគ្នា។ បន្ទាប់មកអាជ្ញាធរសង្កាត់ បានបញ្ជូនករណីនេះ ទៅសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសម្របសម្រួលដោះស្រាយបន្ត។ លុះរហូតមកដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ អជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានកោះអញ្ជើញ ភាគីទាំងសងខាង ដើម្បីធ្វើការសម្របសម្រួល និងស្វែងដោះស្រាយលើបញ្ហានេះ 
ក្រោមអធិបតីភាពរបស់លោក. ប៉ាង លីដា អភិបាលរង ខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរសង្កាត់ចោមចៅ១ ព្រមភាពភាគីនៃគូរទំនាស់ទាំងសងខាងផងដែរ។

ជាលទ្ធផល នៃការប្រជុំដោះស្រាយមិនត្រូវគ្នា លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានសំរេចឱ្យមន្ត្រីជំនាញសុរិយោដីខណ្ឌ និងមន្ត្រីជំនាញពាក់ព័ន្ធចុះធ្វើការវាស់វែងនៅលើទីតាំងដីផ្ទាល់ជាក់ស្តែង។ រហូតដល់ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នេះ មន្រ្តីជំនាញខណ្ឌពោធិ៍សែនជ័យ បានចុះមកដល់ទីតាំងដីផ្ទាល់ ដើម្បីធ្វើការវាស់វែង ក្រោមការដឹកនាំក្រុមការងាររបស់ លោក ប៉ាង លីដា អភិបាលរងខណ្ឌ ប៉ុន្តែលោក អ៊ុក សឿន ដែលជាម្ចាស់គម្រោងមិនបានចូលទេ ដោយឱ្យតំណាងមកជំនួស។

ពលរដ្ឋបានលើកឡើងថា៖ កន្លងមកលោក សេក សាត់ ជាមេភូមិ បានឱ្យកម្លាំងប្រជាការពារ ដើរបំភិតបំភ័យ ប្រជាពលរដ្ឋក្នុងភូមិថា «បើសិនជាមានអ្នកណាម្នាក់ ហ៊ានចូលរួមធ្វើការតវ៉ា និងត្រូវផ្ដាច់ទឹក ភ្លើង មិនឱ្យប្រើប្រាស់ឡើយ»។ ប្រជាពលរដ្ឋ បានបន្ថែមថា៖ «ចំពោះលោកមេភូមិរូបនេះ ប្រជាពលរដ្ឋ មិនពេញចិត្ត និងការបំពេញការងារប្រចាំថ្ងៃរបស់គាត់នោះទេ ព្រោះមានភាពអសកម្ម ផ្នែកការងាររដ្ឋបាលផ្សេងៗ»។

យោងតាមសំណើសុំបើកផ្លូវ និងជួសជុលផ្លូវលំមួយខ្សែ របស់ប្រជាពលរដ្ឋ ទាំង ១០៤ គ្រួសារ កំពុងរស់នៅក្នុងដីឡូតិ៍ អ៊ុក សឿន ដែលស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឱ្យដឹងថា ផ្លូវនេះ មានទទឹង ៥ ម៉ែត្រ និងបណ្តោយ ១២៧ ម៉ែត្រ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ មានបុគ្គលមួយក្រុមមានគ្នា ចំនួន ០៣នាក់ បានអះអាងថា ពួកខ្លួនជាបុគ្គលិក ក្រុមហ៊ុនដីឡូតិ៍ អ៊ុក សឿន បានយកបង្គោលថ្នមកបោះ ហ៊ុំព័ទ្ធលើដីផ្លូវនេះ ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដើម្បីលក់បន្តឱ្យអ្នកដទៃ។ សកម្មភាពបោះបង្គោលថ្មរំលោភយកដីផ្លូវសាធារណៈរបស់ក្រុមនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ធ្វើការហាមឃាត់ និងសួរនាំ តែក្រុមជនទាំងនោះមិនស្តាប់ ហើយបន្តធ្វើសកម្មភាពរបស់ខ្លួន ដោយបានអះអាងថា ជាដីកម្មសិទ្ធិរបស់ក្រុមហ៊ុនខ្លួនមានឈ្មោះ អ៊ុក សឿន ជាម្ចាស់ដី ដោយពួកខ្លួនធ្វើតាមតែបញ្ជាមេរបស់ខ្លួនប៉ុណ្ណោះ។

ពលរដ្ឋបានបញ្ជាក់ថា៖ ចំពោះដីផ្លូវសាធារណៈដែលក្រុមហ៊ុន អ៊ុក សឿន និងបក្សពួករំលោភយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយខុសច្បាប់នេះ គឺជាផ្លូវសម្រាប់បំរើផល ប្រយោជន៍សាធារណៈទូទៅក្នុងមូលដ្ឋាន (បំរើផលប្រយោជន៍ទូទៅរបស់អតិថិជនដែលបានទិញពីគម្រោងដីឡូតិ៍) ហើយត្រូវបានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវនៅគ្រប់ស្ថាប័នពាក់ព័ន្ធផងដែរ។ ការរំលោភយកដីផ្លូវសាធារណៈធ្វើឡើងដោយ ក្រុមហ៊ុនដីឡូតិ៍ អ៊ុក សឿន និងបក្សពួកក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនវិញនេះ គឺជាការរំលោកលើកិច្ចសន្យាទិញ-លក់យ៉ាងធ្ងន់ធ្ងរដែលក្រុមហ៊ុនខ្លួនបានធ្វើឡើងជាមួយអតិថិជនក្នុងពេល ដែលខ្លួន បានបើកលក់គម្រោងដីឡូតិ៍ និងជាការបំពានច្បាប់យ៉ាងធ្ងន់ធ្ងរក្នុងការយកផ្លូវសាធារណៈមកធ្វើជាសម្បត្តិឯក ជនរបស់ខ្លួន។ 

ដោយពលរដ្ឋមានការព្រួយបារម្ភក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃ ការធ្វើដំណើរមានការលំបាក នៅពេលមានការកកស្ទះ បិទផ្លូវ ឬគ្រោះអគ្គិភ័យ កើតឡើងដោយយថាហេតុ ដើម្បីរក្សាផ្លូវសុវត្ថិភាពក្នុងស្ថានភាពមានអាសន្ន និងជាពិសេស សម្រាប់បំរើផលប្រយោជន៍ទូទៅក្នុងការធ្វើដំណើរជាសាធារណៈរបស់បងប្អូន ប្រជាពលរដ្ឋ ទើបសូមស្នើសុំ ឱ្យលោកចៅសង្កាត់ មេត្តាជួយអន្តរាគមន៍ដោះស្រាយ និងសម្រេចបើកផ្លូវមួយខ្សែមានទទឹង ៥ ម៉ែត្រ និងបណ្តោយ ១២៧ ម៉ែត្រ ដើម្បីប្រើប្រាស់ជាផលប្រយោជន៍រួម៕