ព្រះវិហារ៖ ប្រតិបត្តិការតាមប្រម៉ាញ់ឧក្រិដ្ឋជន ដែលពាក់ព័ន្ធករណីបាញ់ប្រហារយ៉ាងសារហាវ ក្នុងទឹកដីខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបណ្តាលឱ្យមន្ដ្រីនគរបាលម្នាក់ បម្រើការងារនៅអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិស្លាប់ និងជនជាតិចិនម្នាក់ទៀត រងរបួសធ្ងន់ ពេលនេះ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងដ្ឋាននគរបាលខេត្តព្រះវិហារ ចាប់ខ្លួនបានជនជាតិ ចំនួន ០២នាក់។
យោងតាមសេចក្តីរាយការណ៍ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្សតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន ០២នាក់ ដែលសង្ស័យពាក់ព័ន្ធនឹងករណីឃាតកម្មបាញ់សម្លាប់មន្ត្រីនគរបាលម្នាក់ក្នុងរថយន្តនៅភូមិសាស្ត្រខណ្ឌដង្កោ កន្លងទៅថ្មីៗនេះ។ បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់ ត្រូវបានបញ្ចូនខ្លួនកាន់នាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីសួរនាំលម្អិត។
សូមជម្រាបថា កាលពីយប់ថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៤ កន្លងទៅ មានករណីបើករថយន្ត ចំនួន ០២គ្រឿង បើកបំបុកគ្នា និងបាញ់ស្រោចទៅលើរថយន្ត Merserdes ក្នុងភូមិសាស្ត្រសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ និងរងរបួសម្នាក់ទៀត រងរបួសធ្ងន់ ខណៈពេលនោះ មានរថយន្តមួយគ្រឿងទៀត ចាប់ជនជាតិឡើងរថយន្តរួចបើកគេចខ្លួនបាត់ស្រមោល។ ចំពោះជនរងគ្រោះដែលស្លាប់ក្នុងអំពើបាញ់ប្រហារ មានឈ្មោះ គង់ វុទ្ធី ភេទប្រុស អាយុ ៣៦ឆ្នាំ ជាមន្ដ្រីនគរបាលបម្រើការងារនៅអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឋានន្ដរស័ក្ដិថ្នាក់វរសេនីយ៍ទោ មានតួនាទីជានាយរងការិយាល័យប្រតិបត្តិការសង្គ្រោះ។
ក្រោយកើតហេតុ នៅរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញពាក់ព័ន្ធបានសហការធ្វើការស្រាវជ្រាវ រហូតឈានដល់ការឆែកឆេរផ្ទះជនសង្ស័យមួយកន្លែង នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រកឃើញគ្រឿងញៀន ចំនួន ២១ ដុំ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកកាន់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរតាមនិតិវិធី៕